ថ្លែងក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៨ ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថាកំពុងពិចារណាប្រើប្រាស់ Video Assistant Referees (VAR) វីដេអូជំនួយអាជ្ញាកណ្ដាល នៅលីគកំពូលកម្ពុជា Cambodian Premier League និងពានរង្វាន់នាៗ។
មូលហេតុសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិចារណាប្រើប្រាស់ Video Assistant Referees (VAR) វីដេអូជំនួយអាជ្ញាកណ្ដាល គឺដោយសារការកាត់ក្តីរបស់លោកអាជ្ញាកណ្តាល នៅលីគកំពូលកម្ពុជា និងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤នេះ តែងតែមានបញ្ហាពីមួយប្រកួតទៅមួយប្រកួត ធ្វើឲ្យថ្នាក់ដឹកនាំក្លិបនីមួយៗ កីឡាករ និងអ្នកគាំទ្រ មិនសប្បាយចិត្ត។
បញ្ហាខាងលើបានធ្វើឲ្យក្លិបបាល់ទាត់វិសាខា ម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន ៣សម័យកាល បានប្រកាសដកខ្លួនចេញពីគ្រប់ពានរង្វាន់ដែលខ្លួននៅសេសសល់ ក្នុងរដូវកាលឆ្នាំ២០២៣-២៤ នេះ ពោលគឺគ្រប់ពានរង្វាន់ដែលរៀបចំឡើងដោយក្រុមហ៊ុន Cambodian Premier League (លីគទី១ និងលីគទី២) និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។
ប៉ុន្តែក្រោយចប់សន្និសីទសារព័ត៌មាន ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាក្លិបបាល់ទាត់វិសាខា ថាកំពុងពិនិត្យរឿងចូលលេងវិញនៅរដូវកាលនេះ ពោលគឺអ្វីៗគ្រប់យ៉ាងគឺរង់ចាំការដោះស្រាយពីភាគីពាក់ព័ន្ធសិន និងឆ្លើយតបពីករណីដែលក្លិបស្នើសុំ ប៉ុន្តែនៅរដូវកាលក្រោយ ២០២៤-២៥ ក្លិបសុំពិចារណាសិន៕