កីឡាករ Aedan Scipio សមាជិករបស់កោះអង់គុយឡា (Anguilla) គឺជាកីឡាករបាល់ទាត់ដែលមានសក់វែងជាងគេលើពិភពលោក ពោលគឺសក់វែងរហូតដល់កែងជើង ហើយរូបគេតែងតែចងសក់ជាប់ចង្កេះពេលចូលប្រកួតម្តងៗ។
កីឡាករ Aedan Scipio កើតនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩០ បច្ចុប្បន្នមានអាយុ ៣៣ឆ្នាំ តួនាទីជាខ្សែបម្រើរបស់ក្រុមជម្រើសជាតិកោះអង់គុយឡា ធ្លាប់បង្ហាញខ្លួនលើទីលានសរុប ៤លើក ៣៤៣នាទី មិនដែលស៊ុតបញ្ចូលទី ឬ Assist និងទទួលបានកាតលឿង២សន្លឹក។
ក្រុមជម្រើសជាតិកោះអង់គុយឡា គឺជាក្រុមលេខ២បាតតារាងពិភពលោក (FIFA Ranking) ដែលស្ថិតនៅតំបន់ការ៉ាប៊ីន ដែលស្ថិតក្រោមការគ្រប់គ្រងនៃរដ្ឋបាលចក្រភពអង់គ្លេស បច្ចុប្បន្នឈរនៅលេខរៀងទី២០៩ ពិភពលោក (FIFA World Ranking) ក្នុងចំណោមសមាជិកទាំង២១០ នៃសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ពោលគឺឈរពីលើក្រុមជម្រើសជាតិសាន់ម៉ារីណូ បានបង្កើតកំណត់ត្រាមិនចាញ់សោះដើមឆ្នាំ២០២៤។
ក្រុមជម្រើសជាតិកោះអង់គុយឡា បានចូលរួមប្រកួតលើឆាកអន្តរជាតិដំបូងពីឆ្នាំ១៩៨៥ មកម៉្លេះ ដោយគិតត្រឹមដើមឆ្នាំ២០២៤ ក្រុមនេះប្រកួតបាន៩២លើកមកហើយ ពោលគឺឈ្នះបាន៩លើក ស្មើគ្នា១១លើក និងចាញ់៧២លើក ក្នុងនោះទាត់បញ្ជូលទីគូប្រកួតបាន៥១គ្រាប់ និងរបូតគ្រាប់បាល់វិញ២៥៧គ្រាប់។
ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់នោះ ក្រុមកោះអង់គុយឡា ប្រកួតបានចំនួន៣លើកមកហើយ ក្នុងនោះឈ្នះ១លើក និងស្មើគ្នា២លើក។ លទ្ធផលនៃការប្រកួតក្នុងឆ្នាំ២០២៤ របស់កោះអង់គុយឡា មាន៖
- ១៧ មីនា សាំងម៉ារតាំង ១-១ អង់គុយឡា (មិត្តភាពអន្តរជាតិ)
- ២២ មីនា អង់គុយឡា ០-០ កោះតួកនិងកៃអ៊ីក (ជម្រុះ World Cup ជើងទី១)
- ២៦ មីនា កោះតួកនិងកៃអ៊ីក ១-១ (ប៉េណាំងទី ៣-៤) អង់គុយឡា (ជម្រុះ World Cup ជើងទី២)
ក្រុមអង់គុយឡា បច្ចុប្បន្នដឹកនាំដោយលោក Nigel Connor ពីឆ្នាំ២០២២ មកម៉្លេះខណៈក្នុងបញ្ជីកីឡាករកោះហៅចុងក្រោយមានសមាជិកមកពីប្រទេសអង់គ្លេស មួយចំនួនដូចជា ខ្សែប្រយុទ្ធ Kyle Lake-Bryan វ័យ២២ឆ្នាំ មកពីក្លិប Spartans Youth និងកីឡាករ Jaheim Thompson វ័យ១៦ឆ្នាំមកពីក្លិប Chesterfield៕