តៃប៉ិ៖ នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ នេះថា មនុស្សម្នាក់បានស្លាប់ និងជាង៥០នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័របានវាយប្រហារលើឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
យោងតាមរដ្ឋបាលអាកាសធាតុកណ្តាលរបស់តៃវ៉ាន់បានឱ្យដឹងថា គ្រោះរញ្ជួយដីដែលបានផ្តាច់ចរន្តអគ្គិសនីនៅតំបន់ជាច្រើននៃរដ្ឋធានីតៃប៉ិ បានវាយប្រហារនៅម៉ោង ៧:៥៨នាទីព្រឹក (ម៉ោងក្នុងស្រុក) ក្នុងជម្រៅ ១៥.៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់។
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន បាននិយាយថា រលកយក្សស៊ូណាមិតូចៗ ជាច្រើនបានឈានដល់ផ្នែកខ្លះនៃខេត្តភាគខាងត្បូងនៃកោះអូគីណាវ៉ា ហើយ ក្រោយមកវាបានបន្ទាបការព្រមានអំពីរលកយក្សស៊ូណាមិ។ ប៉ុន្ដែបានកែប្រែរ៉ិចទ័រទៅ ៧.៧រ៉ិចទ័រវិញ។
ទន្ទឹមនោះ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិកក៏បាននិយាយដែរថា ការគំរាមកំហែងនៃរលកយក្សស៊ូណាមិ «បានកន្លងផុតទៅហើយ»។ ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីន បានចេញការព្រមានមួយសម្រាប់អ្នករស់នៅតំបន់ឆ្នេរនៃខេត្តមួយចំនួន ដោយជំរុញឱ្យពួកគេជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ ដើម្បីសុវត្ថិភាព។
យ៉ាងណាម៉ិញ ភ្លាមៗ រដ្ឋាភិបាលទីក្រុងតៃប៉ិ មិនបានទទួលរបាយការណ៍អំពីការខូចខាតណាមួយឡើយ ហើយរថភ្លើង MRT របស់ទីក្រុងបានដំណើរការភ្លាមៗ ខណៈប្រតិបត្តិករអគ្គិសនី Taipower បាននិយាយថា គ្រួសារជាង ៨៧,០០០ នៅតៃវ៉ាន់នៅតែគ្មានថាមពលអគ្គិសនីប្រើប្រាស់។ ស្របពេលនោះដែរ ប្រតិបត្តិករផ្លូវដែកល្បឿនលឿនរបស់តៃវ៉ាន់ បាននិយាយថា មិនមានការខូចខាត ឬរបួសណាមួយត្រូវបានរាយការណ៍នៅលើរថភ្លើងរបស់ខ្លួននោះទេ ប៉ុន្តែបានកត់សម្គាល់ឃើញថា រថភ្លើងនឹងត្រូវបានពន្យារពេល នៅពេលដែលវាធ្វើការត្រួតពិនិត្យ។
សូមជម្រាបថា បើតាមនាយកមជ្ឈមណ្ឌលរញ្ជួយដីរបស់តៃប៉ិ បានឱ្យដឹងថា ការរញ្ជួយគឺខ្លាំងបំផុតដែលបានវាយប្រហារតៃវ៉ាន់ក្នុងរយៈពេល ២៥ឆ្នាំមកនេះ ខណៈខណៈការរញ្ជួយដីកាលពីខែកញ្ញា ឆ្នាំ១៩៩៩ ដែលមានកម្រិត ៧.៦រិចទ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២,៤០០នាក់ និងខូចខាតអគារចំនួន ៥០,០០០ខ្នង៕