ហ្សេរុយសាឡឹម៖ ប្រមុខយោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ ថា ប្រទេសរបស់លោកនឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់នៅចុងសប្តាហ៍មុន ប៉ុន្តែលោកមិនបានលម្អិតថា តើនឹងឆ្លើយតបវិញនៅពេលណា និងរបៀបណានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤។
ការអះអាងរបស់ភាគីអ៉ីស្រាអែល កើតឡើងចំពេលមានការអំពាវនាវឱ្យអត់ធ្មត់ពីសំណាក់សម្ព័ន្ធមិត្ត ដើម្បីបញ្ជៀសជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានកើតឡើងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ដែលសង្ស័យកាលពីពីរសប្តាហ៍មុនទៅលើអគារកុងស៊ុលអ៊ីរ៉ង់ក្នុងរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី ដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ ចំនួន ២នាក់។
អ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង មីស៉ីលផ្លោង នៅអ៊ីស្រាអែលក្នុងការវាយប្រហារ ដើម្បីសងសឹកនឹងការសម្លាប់កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និងការវាយប្រហារលើស្ថានកុងស៊ុល នៃស្ថានទូតអ៉ីរ៉ង់ ប្រចាំប្រទេសស៊ីរី។
យ៉ាងណាម៉ិញ យោធាអ៊ីស្រាអែលបាននិយាយថា ៩៩% នៃយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាស និងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល និងដោយមានការសម្របសម្រួលជាមួយសម្ព័ន្ធដៃគូដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ទាក់ទិននឹងបញ្ហានេះ មេបញ្ជាការយោធាអ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក Herzi Halevi បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលកំពុងពិចារណាលើជំហានបន្ទាប់របស់ខ្លួន ប៉ុន្តែថាការវាយប្រហាររបស់អ៊ីរ៉ង់ «នឹងត្រូវបានឆ្លើយតបជាមួយនឹងអ្វីដែលយើងបានជួប»។ យ៉ាងណា លោក Halevi មិនបានផ្តល់ព័ត៌មានលម្អិតទេ។
សូមជម្រាបថា នេះជាលើកដំបូងដែលអ៊ីរ៉ង់ បើកការវាយប្រហារយោធាដោយផ្ទាល់លើអ៊ីស្រាអែល បើទោះបីជាមានសត្រូវរាប់ទស្សវត្សរ៍ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ របស់ប្រទេសនេះក៏ដោយ៕