តៃប៉ិ៖ ទីក្រុងតៃប៉ិ បាននិយាយនាថ្ងៃពុធ នេះថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៤៥គ្រឿងហោះនៅជុំវិញដែនកោះតៃវ៉ាន់ ដែលជាចំនួនច្រើនបំផុតមួយ ហើយមិនដល់មួយសប្តាហ៍ទៀតនោះទេ មុនពេលស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី នៃកោះនេះ ដែលប្រទេសចិនចាត់ទុកថា ជា «អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤។
![](https://cdn.troryorng.com/wp-content/uploads/2024/05/27125715/image-1244.png)
ប្រទេសចិន បានទាមទារកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងមិនបោះបង់ការប្រើកម្លាំង ដើម្បីនាំកោះនេះ មកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំង វិញឡើយ។
នាថ្ងៃពុធ នេះ ក្រសួងការពារជាតិរបស់តៃប៉ិ បាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះចិនចំនួន ៤៥គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន៦ ដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក)។
![](https://cdn.troryorng.com/wp-content/uploads/2024/05/27125714/image-1245.png)
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងចំណោមយន្ដហោះយោធាទាំង ៤៥គ្រឿង មានយន្តហោះចំនួន ២៦គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់» ដែលជាខ្សែបន្ទាត់បំបែកផ្លូវទឹក ប្រវែង ១៨០គីឡូម៉ែត្រ ពីប្រទេសចិន។ ក្រសួងបានបន្ថែមថា «ខ្លួនបានតាមដានស្ថានការណ៍ និងឆ្លើយតបភ្លាមនឹងស្ថានការណ៍បន្ទាន់ណាមួយ»។
![](https://cdn.troryorng.com/wp-content/uploads/2024/05/27125713/image-1246-1024x508.png)
កាលពីល្ងាចថ្ងៃអង្គារ សប្ដាហ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានអះអាងដែរថា យន្ដហោះយោធាចិន ២៣គ្រឿង ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង និងដ្រូន ត្រូវបានប្រទះឃើញនៅជុំវិញកោះតៃវ៉ាន់ រយៈពេល ២ម៉ោងផងដែរ។
សូមជម្រាបថា លោក Lai Ching-te ដែលជាអនុប្រធានាធិបតីបច្ចុប្បន្ន ដែលនឹងស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ ជំនួសលោកស្រី Tsai Ing-Wen នៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ ដែលនឹងនាំមកនូវ «សង្រ្គាម និងការថយចុះ» ដល់កោះនេះ ខណៈភាពតានតឺងបានកើនឡើងចាប់តាំងពីលោក បានឈ្នះការបោះឆ្នោតកាលពីខែមករា មក៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)