មកដល់ថ្ងៃច័ន្ទម្សិលមិញនេះ ប្រទេសជប៉ុននៅតែបន្តរកឃើញការចម្លងមេរោគចេញពីវ៉ាក់សាំង Moderna ដដែល ហើយយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជននៅខេត្ត ហ្គាន់ម៉ា ក៏ត្រូវបានផ្អាកផងដែរ ក្រោយពីមានអ្នកស្លាប់ចំនួន ២នាក់។
សូមរំលឹកផងដែរថា កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ប្រទេសជប៉ុនបានរកឃើញសារធាតុចម្លេងមេរោគចេញពីដបវ៉ាក់សាំង Moderna និង បានបញ្ឈប់ការចាក់វ៉ាក់សាំង ជាង១លានដូស ផងដែរ ស្រាប់តែថ្ងៃសៅរ៍ ក្រសួងសុខាភិបាលជប៉ុន បានរាយការណ៍ថា មានមនុស្ស ២នាក់បានស្លាប់ ក្រោយចាក់វ៉ាក់សាំងប្រភេទនេះរួចរាល់ និងរកឃើញសារធាតុចម្លងរោគកាន់តែច្រើនឡើងៗ។
ទោះបីជាយ៉ាងណាក្ដី រដ្ឋាភិបាលជប៉ុនបាននិយាយថា គ្មានបញ្ហាសុវត្ថិភាព ឬប្រសិទ្ធភាពអ្វីមួយត្រូវបានលាតត្រដាងឡើយ ហើយការផ្អាកប្រើវ៉ាក់សាំងនេះ គឺដើម្បីប្រុងប្រយ័ត្នចំពោះប្រជាពលរដ្ឋរបស់ខ្លួនតែប៉ុណ្ណោះ។ ចំណែកករណីដែលបណ្តាលឲ្យមនុស្ស២ស្លាប់ គឺកំពុងត្រូវបានស៊ើបអង្កេត។
ក្រុមហ៊ុនវ៉ាក់សាំង Moderna និងក្រុមហ៊ុនឱសថអេស្ប៉ាញ Rovi ដែលច្រកវ៉ាក់សាំង Modernaក្នុងដប សម្រាប់បញ្ចេញទៅកាន់ទីផ្សារក្រៅពីសហរដ្ឋអាមេរិក បាននិយាយពីតាំងពីដំបូងថា សារធាតុចម្លែកអាចបណ្តាលមកពីការផលិតមួយនៅក្នុងខ្សែសង្វាក់ផលិតរបស់ Rovi។
មន្ត្រីជំនាញបានបញ្ជាក់ថា វ៉ាក់សាំង Moderna នេះបានចាក់ជូនប្រជាជនក្នុងខេត្ត ហ្គាន់ម៉ា ចំនួន ៤,៥៧៥នាក់ ប៉ុន្តែរហូតដល់ពេលនេះមិនមានសេចក្តីរាយការណ៍ ឬព័ត៌មានអ្វីពាក់ព័ន្ធនឹងបញ្ហាសុខភាពឡើយ។ ខណៈដែលថ្ងៃសៅរ៍មានមនុស្ស២នាក់ស្លាប់ ប៉ុន្ដែពេលនេះខាងមន្ត្រីជំនាញមិនទាន់ចោទប្រកាន់ទៅលើវ៉ាក់សាំងតែមួយមុខនោះទេ គឺរង់ចាំការស៊ើបអង្កេតបន្តដើម្បីស្វែងរកភស្តុតាងជាក់លាក់។
បច្ចុប្បន្ននេះ ការរកឃើញការចម្លងរោគពីដបវ៉ាក់សាំង Moderna នេះបានរកឃើញនៅខេត្ត អូគីណាវ៉ា ភាគខាងត្បូង ប្រទេសជប៉ុន បន្ថែមទៀត ដែលនេះគឺជាក្ដីព្រួយបារម្ភអំពីប្រសិទ្ធភាព និង សុវត្ថិភាពរបស់វ៉ាក់សាំង ព្រោះប្រទេសនេះកំពុងតែប្រញាប់ចាក់វ៉ាក់សាំងជូនប្រជាជន ដើម្បីការពារការឆ្លងមេរោគ កូវីដ១៩ & មេរោគបំប្លែងថ្មី Delta៕
ប្រភព៖ The Hindu