កណ្តាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បានចូលខ្លួនចូលខ្លូនមកសារភាប កំហុសដែលខ្លួនធ្លាប់បានចូលទៅបាញ់ប្លន់ផ្ទះអាជីវករប្តូរប្រាក់ មួយកន្លែងនៅចំណុចក្រុមហ៊ុន7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។
![](https://cdn.troryorng.com/wp-content/uploads/2024/05/27123202/1381.jpg)
ជនសង្ស័យមានគ្នា០៣នាក់ ទី១.ឈ្មោះ ឈឿន ភក្ដី ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ឃាត់ខ្លួននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ចំណែកបក្ខពួកទី២ទៀត នៅមិនស្គាល់អត្តសញ្ញាណ។
![](https://cdn.troryorng.com/wp-content/uploads/2024/05/27123210/1379.jpg)
ចំណែកជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះ ស៊ឺម វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរលក់ដូរ និងបើកវីងវេរលុយ មានទីលំនៅភូមិបឹងឈូក សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
របួស២កន្លែង។ ប្រពន្ធ ឈ្មោះ សន ចន្ធូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរនិងបើកវីងវេរលុយ មានទីលំនៅភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង០២នាក់ប្តីប្រពន្ធ បានមកជួលផ្ទះនៅក្រុមហ៊ុន7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ប្រកបមុខរបរលក់ខោអាវ ស្បែកជើងនិងបើកវីងវេរលុយ។ លុះដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៦:៣០នាទី ជនរងគ្រោះបានបើកទ្វារផ្ទះលក់ដូរដូចសព្វដង រហូតដល់វេលាកើតហេតុ ស្រាប់តែមានជនសង្ស័យ០២នាក់ មិនស្គាល់អត្តសញ្ញាណ មានពាក់ម៉ាស់ និងមានពាក់មួកសុវត្ថិភាព បានយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ និងបាញ់ឡើងលើចំនួន០២គ្រាប់ ខណៈនោះជនរងគ្រោះជាប្តីបានប្រតាយប្រតប់ជាមួយជនសង្ស័យម្នាក់ទៀត ក៏ត្រូវជនសង្ស័យចាក់មួយកាំបិតចុងស្រួចបណ្តាលឱ្យមុតប្រអប់ដៃខាងឆ្វេង ០១កន្លែង និងឆ្អារក០១កន្លែង បន្ទាប់មកជនសង្ស័យបាន បាញ់ឡើងលើ០១គ្រាប់ទៀត ហើយនាំជនរងគ្រោះទៅបើកកិតុយកប្រាក់បាន២,០០០$ និងប្រាក់រៀលមួយចំនួនទៀត ទូរស័ព្ទចំនួន ០២គ្រឿង មកមកឱ្យជនសង្ស័យ ហើយនាំជិះម៉ូតូគេចខ្លួនទៅទិសខាងជើងបាត់អស់។
![](https://cdn.troryorng.com/wp-content/uploads/2024/05/27123158/1983.jpg)
ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍វិហារសួគ៌ បានចុះអន្តរាគមន៍ទីកន្លែងកើតហេតុ ស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញា រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី ទើបជនសង្ស័យឈ្មោះ ឈឿន ភក្ដី បានចូលខ្លួនសារភាពជូនសមត្ថកិច្ច ហើយកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឈឿន ភក្ដី បានសារភាពថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ខ្លួនបានទិញកាំភ្លើងខ្លី មិនចាំម៉ាក ពណ៌ខ្មៅ មានគ្រាប់កាំភ្លើងពិតចំនួន០២គ្រាប់ និងគ្រាប់កាំភ្លើងក្បាលខ្ជឹប ពណ៌ខៀវ ចំនួន ០៦គ្រាប់ តម្លៃ៤៣០$ ទិញតាមរយៈអនឡាញ លុះដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ខ្លួនជិះម៉ូតូម៉ាក Zoomer មិនចាំស៊េរី តែម្នាក់ឯងចេញពីរាជធានីភ្នំពេញ មកផឹកស្រានៅកញ្ចុះ ម្ដុំតំបន់ភ្នំ ក្នុងក្រុមហ៊ុន 7NG តែម្នាក់ឯង ហើយក៏បានហៅមនុស្សប្រុស០២នាក់ មិនស្គាល់អត្តសញ្ញាណ មកផឹកជាមួយ ផឹកបណ្ដើរក៏និយាយរៀបគម្រោងប្លន់បណ្ដើរ ។
![](https://cdn.troryorng.com/wp-content/uploads/2024/05/27123157/image-2023-1024x768.png)
រហូតដល់វេលាម៉ោង ១៤:១៣នាទី ថ្ងៃដដែល ជនសង្ស័យទាំង០៣នាក់ បានជិះម៉ូតូ០១គ្រឿង ឌុបគ្នាសំដៅទៅផ្ទះជនរងគ្រោះដោយខ្លួនកាន់កាំភ្លើងខ្លីជាអ្នកដឹកនាំធ្វើសកម្មភាពប្លន់ បានប្រាក់និនិងទូរស័ព្ទ០២គ្រឿង តែដោយខ្លាចមាន GPS ទើបនាំគ្នាគប់ចោលក្នុងប្រឡាយទឹក រួចជិះម៉ូតូយកកាំភ្លើងទៅកប់ក្នុងភក់ប្រលាយទឹកនៅឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងបានចែកប្រាក់ទៅឱ្យមនុស្សប្រុស០២នាក់នោះម្នាក់ ៥០០$ រួចខ្លួនក៏ជិះម៉ូតូទៅផ្ទះប្រពន្ធខ្លួននៅឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល។ ឯជនសង្ស័យ០២នាក់មិនដឹងទៅទីណាទេ។ ចំពោះមូលហេតុដែលខ្លួនចូលសារភាពជូនសមត្ថកិច្ច ព្រោះខ្លួនមានវិប្បដិសារីដែលខ្លួនបានប្លន់យកទ្រព្យសម្បត្តិគេ៕
![](https://cdn.troryorng.com/wp-content/uploads/2024/05/27123156/image-2024.png)
អត្ថបទ៖ កណ្តាល
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)