រដ្ឋអូហៃអូ៖ អាជ្ញាធរបាននិយាយថា មនុស្ស ២នាក់បានបាត់ខ្លួន និង៧នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះឧស្ម័នធម្មជាតិដ៏ខ្លាំងមួយ ដោយបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារ ១កន្លែងនៅកណ្តាលទីក្រុង Youngtown រដ្ឋOhio។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤។
ការផ្ទុះនេះកើតឡើងនៅម៉ោង ២និង៤៥នាទីរសៀល កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងក្នុងស្រុក) បានផ្ទុះចេញពីមុខអគារ Realty Tower។
អ្នកពន្លត់អគ្គីភ័យបានជួយមនុស្សមួយចំនួនចេញពីអគារ ដែលក្នុងនោះមានធនាគារ Chase Bank នៅជាន់ផ្ទាល់ដី និងនៅជាន់ខាងលើមានបន្ទប់ស្នាក់នៅ។
លោក Barry Finley ប្រធានផ្នែកពន្លត់អគ្គីភ័យ នៅទីក្រុង Youngstown បាននិយាយថា បុរសម្នាក់ និងស្ត្រីម្នាក់បានបាត់ខ្លួនបន្ទាប់ពីការផ្ទុះនេះ ដោយបន្ថែមថា ម្នាក់ជាបុគ្គលិករបស់ធនាគារ Chase Bank។
ដោយឡែកអ្នករបួសទាំង ៧នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Mercy Health ក្នុងទីក្រុង Youngstown ដោយអ្នកនាំពាក្យមន្ទីរពេទ្យ បាននិយាយថា មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតទេ។
ការផ្ទុះនេះ បានបង្កការខូចខាតធ្ងន់ធ្ងរចំពោះជាន់ផ្ទាល់ដីនៃអគារ ជាហេតុនាំឱ្យមានការលំបាកដល់អ្នកពន្លត់អគ្គិភ័យ ដោយពុំមានការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការរុករក និងជួយសង្រ្គោះនៅខាងក្នុងអគារឡើយ ដោយសារតែស្ថានភាពរឹងមាំនៃគ្រោងអគារ ស្ថិតក្រោមការសង្ស័យ។
សូមជម្រាបថា ការបំផ្ទុះនេះ បានអង្រួនទីប្រជុំជននៃទីក្រុង Youngstown ដែលមានមនុស្សរស់នៅប្រហែល ៦០,០០០នាក់ ដោយឥដ្ឋ កញ្ចក់ និងកម្ទេចកម្ទីផ្សេងៗ បានរាយប៉ាយពាសពេញចិញ្ចើមផ្លូវក្នុងទីក្រុងតែម្ដង៕