ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនាថ្ងៃចន្ទ នេះថា ភ្នំភ្លើង Kanlaon នៅភាគកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះឡើងកាលពីល្ងាចថ្ងៃចន្ទ ដោយបានបញ្ចេញផេះ និងឧស្ម័ន កម្ពស់ ៥,០០០ម៉ែត្រពីដី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាយប់ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។
ការផ្ទុះដ៏ខ្លាំងក្លានេះបានកើតឡើងនៅវេលាម៉ោង ៦និង៥១នាទីល្ងាច រយៈពេល ៦នាទី ថ្ងៃចន្ទ សប្ដាហ៍នេះ (ម៉ោងក្នុងស្រុក) ស្ថិតនៅទីក្រុង La Castellana ខេត្ត Negros ប្រទេសហ្វីលីពីន។
មន្រ្តីរដ្ឋាភិបាល បានព្រមានពីការធ្លាក់ផេះដ៏គ្រោះថ្នាក់ចុះពីលើមេឃ និងក្លិនស្ពាន់ធ័រដែលកើតចេញពីការផ្ទុះភ្នំភ្លើងខាងលើ រួមទាំងបង្កើនកម្រិតប្រកាសអាសន្នពីកម្រិតទី១ ទៅកម្រិតទី២។ ជាមួយគ្នា ក៏មានការព្រមានពីហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗ រួមទាំងអាចមានលំហូរភក់កម្អែភ្នំភ្លើង និងគ្រោះថ្នាក់ជាយថាហេតុណាមួយផងដែរ ដោយអាចនាំឱ្យមានការផ្ទុះម្ដងទៀត។
មន្រ្តី ក៏បានជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងនៅឆ្ងាយពីតំបន់គ្រោះថ្នាក់ចម្ងាយ ៤គីឡូម៉ែត្រ ដោយសារហានិភ័យនៃការផ្ទុះថ្ម ការបាក់ដី និងលំហូរភក់កម្អែភ្នំភ្លើង។ទន្ទឹមនោះ អាជ្ញាធរក្នុងតំបន់ ក៏បានណែនាំឱ្យមានការផ្អាកការហោះហើរ និងបញ្ចៀសផ្លូវយន្ដហោះនៅក្បែរតំបន់ភ្នំភ្លើងដែរ ដោយសារតែវាអាចបង្កគ្រោះថ្នាក់ដោយផេះដែលព្រួសចេញផងដែរ។
សូមបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់ «រង្វង់ភ្លើង» ឬហៅថា «Ring of Fire» ដែលគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង គឺជារឿងដែលការកើតឡើងជាញឹកញាប់នៅក្នុងប្រទេសមួយនេះ។ ជាក់ស្ដែងដូចជា ភ្នំភ្លើង Kanlaon ដែលជាភ្នំភ្លើងសកម្មមួយនៅហ្វីលីពីន ធ្លាប់បានផ្ទុះព្រួសផេះកម្ពស់ជាង ២ពាន់ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ម្ដងរួចមកហើយកាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅ៕