បាងកក៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Paopoom Rojanasakul បាននិយាយថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ នាថ្ងៃអង្គារ នេះ បានអនុម័តវិធានការបន្ធូរបន្ថយពន្ធដើម្បីជំរុញទេសចរណ៍ក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤។
លោកបន្តថា វិធានការនេះ នឹងអនុម័តពីខែឧសភា ដល់ខែវិច្ឆិកា រួមមានការកាត់ពន្ធសម្រាប់ក្រុមហ៊ុនដែលរៀបចំសន្និបាត និងសិក្ខាសាលាផងដែរ។
ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន បាននិយាយថា វិធានការនេះនឹងធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ចំណូល ១,៥ពាន់លានបាត (ស្មើនឹង ៤១លានដុល្លារ) ប៉ុន្តែលោក បាននិយាយថា អត្ថប្រយោជន៍នឹងមានច្រើនជាងនេះ។
សូមជម្រាបថា វិធានការបន្ថែមត្រូវបានរៀបចំឡើង ដើម្បីបង្កើនការធ្វើដំណើរក្នុងស្រុក រួមទាំងការអនុញ្ញាតឱ្យកាត់បន្ថយពន្ធលើប្រាក់ចំណូលសម្រាប់ការស្នាក់នៅផ្ទះលំហែ និងការចំណាយលើការស្នាក់នៅផ្សេងៗ មិនសំដៅតែលើសណ្ឋាគារទេ៕