សីតុណ្ហភាពកើនឡើងខ្លាំងបានធ្វើឱ្យមនុស្សជាង ៥០លាននាក់នៅក្នុងសហរដ្ឋអាមេរិក ទទួលរងនូវរលកកំដៅខ្លាំង ខណៈទឹកជំនន់បានជំរុញឱ្យមានប្រតិបត្តិការជួយសង្គ្រោះ និងការជម្លៀសចេញទូទាំងតំបន់ Midwest។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
![](https://cdn.troryorng.com/wp-content/uploads/2024/06/25102831/3-16.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/25102916/2024-06-23t040501z-1448301739-rc2rg8a8d3b0-rtrmadp-3-usa-weather-floods-drone-copy.jpg)
មន្រ្តីក្នុងតំបន់រងគ្រោះ បាននិយាយកាលពីថ្ងៃចន្ទ ថា មនុស្សប្រហែល ៥៧.៤លាននាក់នៅទូទាំងប្រទេស ស្ថិតនៅក្រោមរលកកំដៅខ្លាំង ដោយរលកកំដៅបានវាយលុកសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ ចាប់តាំងពីតំបន់ពាក់កណ្ដាលអាត្លង់ទិក រហូតដល់រដ្ឋ Maine និងទូទាំងភាគខាងលិចរហូតដល់រដ្ឋកាលីហ្វ័រញ៉ា ខណៈសីតុណ្ហភាពនៅរដ្ឋអូក្លាហូម៉ា ឡើងដល់ ៤១អង្សាសេកាលពីថ្ងៃអាទិត្យ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/25102853/0.15010700_1658409798_heat_us.png)
សេវាអាកាសធាតុជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយថា «ការឡើងកំដៅកាន់តែខ្លាំង នៅដើមរដូវក្ដៅនេះ នាំឱ្យកម្រិតនៃភាពតានតឹងទាក់ទងនឹងកំដៅ កើនឡើងដូចគ្នា ជាពិសេសអ្នកធ្វើការនៅខាងក្រៅក្រោមកំដៅថ្ងៃ»។
អភិបាលរដ្ឋ South Dakota ដែលស្ថិតនៅតំបន់ភាគខាងលិច បាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ កាលពីចុងសប្តាហ៍នេះ។ ខណៈអភិបាលរដ្ឋ Iowa ដែលនៅជិតខាងគ្នានោះ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យ ថា មនុស្សជាង ១,០០០នាក់ត្រូវបានផ្លាស់ទីលំនៅទៅកាន់កន្លែងសុវត្ថិភាព។
មិនត្រឹមតែប៉ុណ្ណោះតំបន់រងគ្រោះ កំពុងតែគ្មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ ដោយអាជីកម្ម មន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំ ផ្សេងៗ ត្រូវបានផ្អាកដំណើរការ និងជម្លៀសខ្លួន។
![](https://cdn.troryorng.com/wp-content/uploads/2024/06/25102920/1-44.jpg)
នៅចុងសប្តាហ៍នេះ មន្ត្រីនៅក្នុងទីក្រុងនានា រួមទាំងទីក្រុង Philadelphia បានព្រមានថា សន្ទស្សន៍កំដៅអាចឡើងដល់លើសពី ៤១អង្សាសេ ដែលធ្វើឲ្យអ្នកស្រុកប្រឈមមុខនឹងជំងឺទាក់ទងនឹងកំដៅ ដូចជា ការដាច់សរសៃឈាមខួរក្បាល ជាដើម។
![](https://cdn.troryorng.com/wp-content/uploads/2024/06/25102904/0623-wn-kaul-1024x576.jpg)
បើតាមការស្រាវជ្រាវបានបង្ហាញថា រលកកំដៅនឹងក្លាយជាផលប៉ះពាល់ដ៏គ្រោះថ្នាក់បំផុត នៃការប្រែប្រួលអាកាសធាតុ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ ហើយមនុស្សរាប់រយនាក់ បានស្លាប់ដោយសារការកើនឡើងកំដៅខ្លាំងនៅទូទាំងអាស៊ី និងអឺរ៉ុបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
សូមជម្រាបថា សីតុណ្ហភាពកើនឡើងខ្លាំង និងការជន់លិចដោយទឹកជំនន់ បញ្ជាក់ពីហានិភ័យ នៃអាកាសធាតុធ្ងន់ធ្ងរ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ កត្តានេះនឹងធ្វើឱ្យកាន់តែមានភាពញឹកញាប់ និងធ្ងន់ធ្ងរជាងមុន៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)