បាត់ដំបង÷ នគរបាលស្រាវជ្រាវឃាត់មុខសញ្ញាគាស់ផ្ទះលួចយកសម្ភារ:ជាង និងសម្ភារ:ការិយាល័យជាច្រើនក្នុងក្រុងបាត់ដំបង បញ្ជូនទៅតុលាការអនុវត្តទោស។
នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីភាគីជនរងគ្រោះឈ្មោះហៀង ម៉េង លី ភេទប្រុស អាយុ ៣២ឆ្នាំ ដែលមានទីលំនៅត្រង់ទីតាំងកើតហេតុក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជុំវិញករណីលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) កាលពីថ្មីៗកន្លងមក ផ្នែកជំនាញព្រហ្មទណ្ឌ័នគរបាលក្រុង បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុក រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤នេះ។
ជនសង្ស័យមានឈ្មោះធី សុថេន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅផ្ទះជួល ក្នុងភូមិ សង្កាត់ជាមួយគ្នា។ ក្រោយការសាកសួរជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានយកទុលឡាវីសមួលវីសជញ្ជាំងផ្ទះរបស់ជនរងគ្រោះហើយចូលទៅលួចយកសម្ភារៈទាំងអស់ពិតប្រាកដមែន។
សម្ភារៈដែលបាត់ និងដកហូតបានរួមមាន: ឡេបថប ០១គ្រឿង, កាំមេរ៉ាម៉ាកកានុង ០១គ្រឿង, ម៉ូ នីទ័រកុំព្យូទ័រ ០១គ្រឿង, ប៉ុសផ្សា ០១គ្រឿង, អឹមភ្លី ០១គ្រាប់, ម៉ាស៊ីនស្វានចំនួន ០២គ្រឿង, ម៉ាស៊ីនកាត់ដែក ០១គ្រឿង រួមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់តុលាការដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ ដំបងក្រញូង