គ្រាប់បែកដែលបញ្ជាពីចម្ងាយ (remote-controlled bomb) មួយបានផ្ទុះឡើងនៅក្បែរហាងតែកាហ្វេមួយកន្លែង ក្នុងឃុំយីងអ ខេត្តណារ៉ាធិវ៉ាត់ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ដែលបានបណ្ដាលឱ្យមនុស្ស ៩នាក់រងរបួស និងជំរុញឱ្យមានការរកឃើញ វត្ថុផ្ទុះកែច្នៃ មួយទៀតនៅក្បែរនោះ។

ការផ្ទុះនេះបានកើតឡើងនៅម៉ោង ៨:៥០នាទីព្រឹក ចម្ងាយប្រមាណ ២០០ម៉ែត្រ ពីអធិការដ្ឋាននគរបាលស្រុកយីងអ។ គ្រាប់បែកនេះបានធ្វើឱ្យ មន្ត្រីនគរបាល ៣នាក់ និង ពលរដ្ឋសាមញ្ញ ៦នាក់ រងរបួស ដោយក្នុងនោះជនរងគ្រោះ ៤នាក់មានរបួសធ្ងន់ធ្ងរ។ ជនរងគ្រោះមានអាយុចាប់ពី ២៩ឆ្នាំ ដល់ ៧៩ឆ្នាំ។

បន្ទាប់ពីការផ្ទុះលើកទីមួយ ក្រុមការងារជំនាញកំទេចវត្ថុផ្ទុះ (EOD) នៃនគរបាលខេត្តណារ៉ាធិវ៉ាត់ និងមន្ត្រីកោសល្យវិច័យ បានរកឃើញ គ្រាប់បែកកែច្នៃ មួយទៀត ដែលត្រូវបានលាក់ទុកនៅក្នុង ធុងហ្គាសពីកនិកទម្ងន់ ១០គីឡូក្រាម នៅខាងក្នុងធុងសំរាមមួយ។

គ្រាប់បែកនោះត្រូវបានកាត់ជាពាក់កណ្តាល ហើយត្រូវបានរៀបចំឡើងសម្រាប់បញ្ជាបំផ្ទុះពីចម្ងាយ។កម្លាំងផ្ទុះបានរាលដាលដល់ហាងតែកាហ្វេ និងបរិវេណផ្លូវជុំវិញ។

អាជ្ញាធរជឿជាក់ថា ក្រុមបំបែកខ្លួនរដ្ឋភាគខាងត្បូងមានបំណងវាយប្រហារលើ មន្ត្រីនគរបាល ដែលតែងតែទៅហាងនោះដើម្បី​ផឹកកាហ្វេ និងតែប្រចាំថ្ងៃ។ រីឯពលរដ្ឋសាមញ្ញដែលបានក្លាយជា ជនរងគ្រោះក្នុងករណីនេះ តាមពិតមិនមែនជាគោលដៅ នៅក្នុងការវាយប្រហាររបស់ក្រុមនេះនោះទេ៕​​​​​​​

ប្រភព៖ Khaosod

Share.