តាមការទម្លាយរបស់ចារកម្មព័ត៌មានថៃនាពេលថ្មីៗនេះ បានឱ្យដឹងថា កងទ័ពថៃបានសម្តែងជំហរយ៉ាងម៉ឹងម៉ាត់ និងដាច់ខាតក្នុងការការពារអធិបតេយ្យភាព និងសុវត្ថិភាពប្រជាជនខ្លួន ដោយលែងអត់ធ្មត់ ឬបន្ធូរដៃឱ្យយោធាមីយ៉ាន់ម៉ាបន្តធ្វើសកម្មភាពប៉ះពាល់ដល់ព្រំដែនថៃទៀតហើយ។

ការផ្ទុះអាវុធយ៉ាងក្រាស់ក្រែងរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតាមព្រំដែនចន្លោះថ្ងៃទី ២៥-២៩ តុលា ២០២៦ បានបណ្តាលឱ្យគ្រាប់ផ្លោងធ្លាក់ចូលទឹកដីថៃក្នុងស្រុក Mae Sot ខេត្ត Tak បំផ្លាញផ្ទះសម្បែង និងធ្វើឱ្យប្រជាពលរដ្ឋថៃម្នាក់រងរបួស។ ជាការឆ្លើយតបភ្លាមៗ កងទ័ពជើងគោកថៃបានបាញ់គ្រាប់ផ្សែង និងគ្រាប់ពន្លឺព្រមានទៅវិញ ព្រមទាំងផ្ញើលិខិតតវ៉ាយ៉ាងក្តៅគគុកតាមរយៈគណៈកម្មាធិការព្រំដែន (TBC) ទៅកាន់ភាគីមីយ៉ាន់ម៉ា។

លើសពីនេះ ថៃបានបង្កើនកម្រិតការជឿជាក់ និងការត្រៀមលក្ខណៈកងទ័ព ដោយបានដាក់ពង្រាយយន្តហោះចម្បាំង និងជើងហោះហើរល្បាត (CAP) រួមទាំងការត្រៀមលក្ខណៈប្រយុទ្ធក្នុងកម្រិតប្រកាសអាសន្ន ដើម្បីស្ទាក់ចាប់ និងវាយបកភ្លាមៗ ប្រសិនបើមានការរំលោភបំពានបំពានចូលដែនដីថៃពីសំណាក់យោធាមីយ៉ាន់ម៉ា។

ជាមួយហេតុការណ៍នេះ កងទ័ពជើងគោកថៃ ក៏បានប្រកាសបង្កើត «បញ្ជាការដ្ឋានយុទ្ធវិធី» និងបន្ថែម កម្លាំងល្បាតចម្ងាយឆ្ងាយ នៅតាមបណ្តោយព្រំដែន ព្រមទាំងប្រកាសបិទច្រករបៀងធម្មជាតិ និងច្រកទ្វារព្រំដែនមិនផ្លូវការទាំងអស់ ក្នុងស្រុក Mae Sot និងស្រុក Phop Phra រយៈពេល ៧ ថ្ងៃ។

គួរបញ្ជាក់ទៀតថា ថៃបានផ្ញើសារយ៉ាងច្បាស់ទៅកាន់ភាគីមីយ៉ាន់ម៉ាថា ទោះបីជាថៃមិនមែនជាភាគីជម្លោះក៏ដោយ ប៉ុន្តែរាល់ការទម្លាក់គ្រាប់ ការបាញ់ឆ្លងដែន ឬការបំពានអធិបតេយ្យភាពណាមួយដែលបង្កគ្រោះថ្នាក់ដល់ពលរដ្ឋថៃ នឹងត្រូវរាប់ជាទង្វើដែលមិនអាចលើកលែងបាន ហើយនឹងត្រូវប្រឈមមុខនឹងវិធានការឆ្លើយតបតាមផ្លូវយោធាយ៉ាងចាស់ដៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃជាដាច់ខាត៕

Share.