ក្នុងគោលបំណងពង្រឹងការតភ្ជាប់តាមផ្លូវអាកាស ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌ និងបង្កើតបទពិសោធន៍ធ្វើដំណើរដ៏គួរឱ្យចងចាំ អាកាសចរណ៍ជាតិកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការ «ផ្លូវហោះហើរត្រង់ថ្មី» រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ការបង្កើតឡើងនូវជើងហោះហើរត្រង់នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៃប្រទេសជិតខាងទាំងពីរ ក្នុងការស្វែងយល់ពីភាពទាក់ទាញនៃរាជធានីភ្នំពេញ ព្រមទាំងសម្រស់ដ៏ស្រស់ត្រកាលនៃរដ្ឋធានីវៀងចន្ទន៍ ដែលសំបូរទៅដោយបេតិកភណ្ឌ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ចំណាស់។

ក្នុងនោះ ផ្លូវហោះហើរត្រង់ថ្មីទៅមក រាជធានីភ្នំពេញ (KTI) រដ្ឋធានីវៀងចន្ទន៍ (VTE) នឹងចាប់ផ្តើមហោះហើរពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦ ដោយមានកាលវិភាគហោះហើរនៅ ថ្ងៃពុធ ថ្ងៃសុក្រ ថ្ងៃអាទិត្យ។

សូមជម្រាបថា គំនិតផ្ដួចផ្ដើមនេះ មិនត្រឹមតែជួយពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងកម្ពុជា និងឡាវប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងប្រជាជនក្នុងតំបន់ ឱ្យបានមកទស្សនាកម្សាន្តស្វែងយល់ពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសទាំងពីរផងដែរ។

Share.