
យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Matichon ថ្ងៃទី ៣០ តុលា ឆ្នាំ ២០២៦ នេះឱ្យដឹងថា រដ្ឋាភិបាលថៃបានផ្ញើសារយ៉ាងម៉ឺងម៉ាត់បំផុតទៅកាន់ភាគីមីយ៉ាន់ម៉ា បន្ទាប់ពីស្ថានការណ៍សង្គ្រាមស៊ីវិល និងការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនបានបង្កផលប៉ះពាល់ និងធ្វើឱ្យប្រជាពលរដ្ឋថៃនៅក្នុងស្រុក Mae Sot ខេត្ត Tak រងរបួស។
នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦ នេះ មុនពេលចាកចេញពីប្រទេសថៃដើម្បីទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៊ូតាន នាយកណ្ដុរ អនុទិន ឆានវីរៈកុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់អភិបាលខេត្ត និងកងកម្លាំងសន្តិសុខទាំងអស់ឱ្យ «ដំឡើងកម្រិតវិធានការការពារខ្លួន និងសន្តិសុខព្រំដែនជាអតិបរមា» ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋថៃ ព្រមទាំងការពារបូរណភាពទឹកដីយ៉ាងដាច់ខាត។
នាយករដ្ឋមន្ត្រីថៃរូបនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា ភាគីថៃបានធ្វើការទំនាក់ទំនង និងជជែកជាមួយថ្នាក់ដឹកនាំប្រទេសមីយ៉ាន់ម៉ា ជាបន្តបន្ទាប់រួចមកហើយ ដើម្បីរំលឹក និងទាមទារឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងការការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនថៃនៅតាមបណ្តោយព្រំដែន។ នាយ អនុទិន បានសង្កត់ធ្ងន់ថា ថៃមិនអាចឱបដៃឈរមើលឱ្យពលរដ្ឋខ្លួនរងគ្រោះដោយសារទង្វើគ្មានការប្រុងប្រយ័ត្នពីភាគីមីយ៉ាន់ម៉ានោះឡើយ ហើយប្រសិនបើភាគីមីយ៉ាន់ម៉ានៅតែគ្មានសកម្មភាព ឬវិធានការឆ្លើយតបសមស្របណាមួយដើម្បីបញ្ឈប់ការរំលោភបំពាននេះទេ ថៃនឹងចាត់វិធានការដំឡើងកម្រិតស្វ័យការពារ និងឆ្លើយតបវិញយ៉ាងចាស់ដៃជាដាច់ខាត។
ដោយឡែកប្រភពពីកងកម្លាំងសន្តិសុខថៃបានបន្ថែមថា រដ្ឋាភិបាលថៃបានត្រៀមលក្ខណៈរួចរាល់ទាំងផ្នែកយោធា និងរដ្ឋបាលដែនដី ដោយមិនបណ្តោយឱ្យជម្លោះផ្ទៃក្នុងរបស់មីយ៉ាន់ម៉ារកកាយ ឬបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាព និងសុវត្ថិភាពរបស់ប្រជាជនថៃជាដាច់ខាត៕

