ដូចមហាជនបានស្គាល់មកហើយថា កញ្ញា កែវ ពេជ្រពិសី ហៅស្រីពីន ជាតារាកំប្លែងស្រីពន្លកថ្មី ក៏ប៉ុន្ដែកញ្ញាមានភាពទាក់ទាញតាមរយៈវោហារស័ព្ទក្នុងការនិយាយកំប្លែង។ កន្លងមកគេបានឃើញកញ្ញា ស្រីពីន ធ្លាប់ចូលរួមសម្ដែងកំប្លែងជាមួយក្រុម នាយក្រឹម នាយកុយ ក៏ប៉ុន្ដែថ្មីៗនេះ ស្រីពីន បានលេចមុខមកសម្ដែងជាមួយក្រុមកំប្លែង CBS វិញម្ដង។
បើតាមការបង្ហើបរបស់លោក ចែម ចាន់រ៉ា ហៅ ពែកមី បានឱ្យដឹងថា ស្រីពីន នឹងចូលជំនួសតំណែងរបស់អ្នកនាង ខ្ញុង វិញម្ដង ដោយសម្ដែងជាតួប្រពន្ធរបស់លោកនៅក្នុងកម្មវិធីកំប្លែង «២គ្រួសារ»។ លោក ពែកមី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា «ណែនាំឱ្យបងប្អូនស្គាល់ ប្រពន្ធថ្មីរបស់ខ្ញុំ (ស្រីពីន) នៅផ្ទះលេខ2 ជំនួសតួអ្នកនាងខ្ញុង បងប្អូនចាំមើលផង តើសមត្ថភាពគាត់យ៉ាងណាដែរ? 💪 កម្មវិធី ២គ្រួសារ ❤️»។
យ៉ាងណាមិញ អ្នកនាង ខ្ញុង ក៏ធ្លាប់អះអាងប្រាប់អ្នកសារព័ត៌មានត្រយងដែរថា អ្នកនាង និងស្វាមីគឺមិនមានកុងត្រាជាតារាកំប្លែងជាមួយស្ថានីយទូស្សន៍ CTN នោះទេ ពោលគឺអ្នកនាងទៅសម្ដែងនៅពេលដែលមានតែការអញ្ជើញតែប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រោយការបង្ហោះរបស់លោក ពែកមី ក្នុងការបង្ហាញមុខតួកំប្លែងស្រីថ្មីជំនួសតួអ្នកនាង ខ្ញុង ភ្លាមៗក៏ឃើញមានមហាជនអ្នកគាំទ្រខ្លះ មានការសោកស្ដាយចំពោះការបាត់វត្តមានរបស់អ្នកនាង ខ្ញុង និងមានខ្លះទៀត ក៏និយាយទាំងស្វាគមន៍ចំពោះវត្តមានថ្មីរបស់ ស្រីពីន ក្នុងការមកកាន់ក្រុមកំប្លែង CBS។
សព្វថ្ងៃគេក៏កត់សម្គាល់ឃើញថា អ្នកនាង ខ្ញុង ទទួលបានការងារច្រៀងកាត់សក់ជាច្រើនរោង និងបាន Live លក់ត្រីងៀត សាច់ក្រក និងប្រហុក ជាដើម។ យ៉ាងណាក្ដី ក្រុមការងារសារព័ត៌មានត្រយងកំពុងព្យាយាមសុំការបំភ្លឺបន្ថែមពីអ្នកនាង ខ្ញុង ហើយនឹងជម្រាបព័ត៌មានជូនមហាជនបន្ដទៀតនាពេលខាងមុខនេះ៕
ចុចត្រង់នេះ៖
ខ្ញុង ខ្លាចហើយនិងអរគុណអ្នកសិល្បៈមួយចំនួន ធ្វើឱ្យស្គាល់ពីវប្បធម៌ក្ដិចត្រួយ
ខ្ញុង បោះពាក្យសម្ដី៖ «អតីតកាលដ៏សែនឈឺចាប់ និងគ្មានថ្ងៃបំភ្លេច »