រឿងរ៉ាវតារាកំប្លែង អ្នកនាង ខ្ញុង បានរសាត់ចេញពីភ្នែករបស់មហាជនអស់រយៈពេលយូរដែរហើយ ក៏ប៉ុន្ដែស្ថានភាពជីវិតប្រចាំថ្ងៃរបស់តារាកំប្លែងស្រីរូបនេះ នៅតែធ្វើឱ្យអ្នកគាំទ្រចង់ដឹងចង់ឮដដែរ។ ថ្មីៗនេះ អ្នកនាង ខ្ញុង បានចេញសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក រៀបរាប់ពីភាពឈឺចាប់របស់ខ្លួន និងបទពិសោធន៍មួយចំនួន បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវប៉ះពាល់កិត្តិយសអ្នកនាងកន្លងមក។
អ្នកនាងខ្ញុង បានរៀបរាប់ថា « អតីតកាលដ៏សែនឈឺចាប់ និងគ្មានថ្ងៃបំភ្លេច។ នៅពីក្រោយការបរាជ័យរបស់ខ្ញុំ ធ្វើឱ្យខ្ញុំស្គាល់មនុស្សជាច្រើន ស្គាល់មនុស្សល្អពិតប្រាកដ ស្គាល់មនុស្សអាក្រក់ពិតប្រាកដស្គាល់អ្នកលើកតម្កើនពិតប្រាកដ និងស្គាល់អ្នកជាន់ពន្លិចពិតប្រាកដ។ ខ្ញុំដួលកន្លែងហ្នឹងខ្ញុំក៏ប្រឹងងើបវិញនៅកន្លែងហ្នឹងដូចគ្នា ខ្ញុំកំពុងតែតោងឈរហើយក៏រឹងមាំដើម្បីបន្តជីវិត តស៊ូរស់យកឈ្នះភាពបរាជ័យឱ្យបាន»។
អ្នកនាងបានបន្តទៀតថា «ទន្ទឹមនិងការក្រោកឈរនេះខ្ញុំក៏គ្មានថ្ងៃភ្លេចបងប្អូនសប្បុរសធម៌ជាច្រើននាក់ដែលផ្ដល់ជំនួយនិងទំនុកបំរុងឱ្យខ្ញុំនឹងមានមុខរបស់ថ្មីផ្ដើមជីវិតជាថ្មីជាមួយគ្រួសារមួយនេះ និងអរគុណដល់ម្ចាស់បំណុលគ្រប់រូបដែលយកយោគយល់អាជាស្រ័យទុកពេលវេលាសម្រាប់ខ្ញុំ អរគុណប្ដីសម្លាញ់ដែលនៅក្បែរខ្ញុំមិនបោះបង់ខ្ញុំ ហើយខ្ញុំក៏រឹតតែចងចាំថែមទៀតជាមួយនឹងអ្នកសិល្បៈដូចគ្នា មួយចំនួនតូច ដែលមិនឲ្យតម្លៃថែមទាំងជាន់ពន្លិចមើលងាយបន្ទាបបន្ថោកចំអកឌឺដងផ្លែផ្កាឱ្យខ្ញុំ ខ្ញុំនឹងចងចាំជារៀងរហូត »។
អ្នកនាង ខ្ញុង បានរៀបរាប់អះអាងទៀតថា «ហើយក៏ជូនពរកុំឱ្យអ្នកជួបបញ្ហាដូចខ្ញុំ វប្បធម៌ក្តិចត្រួយដែលខ្ញុំបានស្គាល់និងឃើញច្បាស់នឹងភ្នែក វានឹងឋិតក្នុងបេះដូងខ្ញុំជារៀងរហូត ការងារដែលខ្ញុំស្រលាញ់ខ្ញុំនៅតែបន្តធ្វើសម្រាប់អ្នកដែលស្រលាញ់គាំទ្រខ្ញុំនិងឱ្យតម្លៃខ្ញុំ តែកន្លែងដែលខ្ញុំមិនចង់ត្រឡប់ទៅហើយក៏គ្មានថ្ងៃទៅគឺជាកន្លែងដែលខ្ញុំស្គាល់ច្បាស់ហើយក៏មិនចង់រំខាននិងប៉ះពាល់ដល់កិត្តិយសអ្នកណា»។
យ៉ាងណាមិញ អ្នកនាង ខ្ញុង ធ្លាប់អះអាងប្រាប់អ្នកសារព័ត៌មានត្រយងថា រហូតមកទល់ថ្ងៃនេះអ្នកនាង ខ្ញុង និងស្វាមី បានរកប្រាប់ចំណូលពីការចេញច្រៀងការបានមួយចំនួនហើយ ដើម្បីសន្សំទុកដោះស្រាយបំណុលខ្លះ។ នៅពេលដែលអ្នកនាងសន្សំប្រាក់បានមួយចំនួនសម្រាប់សាងជីវភាពគ្រួសារឱ្យប្រសើឡើងវិញ នោះអ្នកនាងនឹងបង្កើតអាជីវកម្មថ្មីសម្រាប់ខ្លួន ដោយមិនខ្លាចភាពបរាជ័យដូចមុនទៀត៕