ផ្ដើមអាជីពជាអ្នកជំនួញស្បែកជើងក្បាលគីបពីក្រៅប្រទេសក្នុងកាលទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ លោក សាន ផានិត ទទួលស្គាល់ថា បណ្ដាញសង្គម ពិតជារួមចំណែកយ៉ាងធំធេង ដល់មុខជំនួញរបស់លោក។ ដ្បិតក្រៅពីដាក់លក់ដោយផ្ទាល់នៅក្នុងហាងស្ថិតនៅទីក្រុងតាខ្មៅហើយនោះ អតីតតារាចម្រៀងរូបនេះ ក៏បានប្រើប្រាស់ហ្វេសប៊ុកផេក ដើម្បីលក់ស្បែកជើង ដូចអាជីវកររកស៊ីក្នុងពិភពអនឡាញផ្សេងទៀតដែរ។

យ៉ាងណាក៏ដោយ លោក សាន ផានិត ហាក់បង្ហាញអារម្មណ៍ធុញទ្រាន់ និងហួសចិត្តខ្លាំង ចំពោះវិធីសាស្រ្តអាជីវករអនឡាញមួយចំនួន ដែលនិយមបង្កើតរឿងរ៉ាវផ្សេងៗ ហើយបង្ហោះរឿងរ៉ាវនោះលើទំព័រហ្វេសប៊ុក ដើម្បីបង្កើនចំនួនlikeពីមហាជន ក្នុងន័យស្វែងរកប្រភពទីផ្សាយលក់ផលិតផល និងបង្កើនភាពល្បីល្បាញឱ្យខ្លួនឯង« មានរឿងអ្វីមួយឱ្យគេដឹងទៅ គេមើលរាប់រយKទៅ ក៏ញៀន! តែសម្រាប់ខ្ញុំ មើលទៅឃើញថាវាភ្លាវ»។

សម្រាប់លោក ផានិត ការបង្កើតរឿងរ៉ាវទាក់ទាញការចាប់អារម្មណ៍ ឬរហូតដល់ហែកហួររឿងគ្រួសារលើបណ្ដាញសង្គមជាដើមនោះ ជាទង្វើមិនគួរទទួលបានការគាំទ្រទេ «សម្រាប់ខ្ញុំ! ខ្ញុំឱ្យសេរ៉ូ! ខ្ញុំអត់គាំទ្រ!….ចង់និយាយថាដូចខ្ញុំរកស៊ីអនឡាញដែរ ដែលជោគជ័យបានប៉ុននេះ ខ្ញុំមានទៅយករឿងគ្រួសារផុសចូលផេក​ឯណា។ ផេកខ្ញុំប៊ូសលុយតែម្ដង[….]ដាក់លុយច្រើនគេមើលច្រើនហើយ បានលុយចូលរដ្ឋផង ព្រោះរដ្ឋកាត់ពន្ធ តែគេ គេកំពុលសង្គមតែម្ដង»។

លោក សាន ផានិត អះអាថាគ្រួសារលោក ក៏ប្រហែលជាមិនខុសពីគ្រួសារផ្សេងទៀតដែរ គឺតែងតែងមានរឿងរ៉ាងដូចគ្នាជាធម្មតា។ ប៉ុន្តែលោកផ្ដល់យោបល់ថាមិនមែនគ្រប់រឿងសុទ្ធតែយកមកលាតត្រដាងនោះទេ ទោះក្នុងហេតុផលអ្វីមួយ ឬជារឿងពិត ឬប្រឌិតក៏ដោយ «ខ្ញុំតែងប្រាប់ប្រពន្ធខ្ញុំ និងអ្នកជុំវិញខ្លួនខ្ញុំថា រឿងអ្វីក៏ដោយ បណ្ដាញសង្គមនេះមួយ បើរឿងមិនល្អកុំផុស! កុំឱ្យមិត្តហ្វ្រេនជាមួយយើង ឬអ្នកគាំទ្រយើងគេកំពុងសេដស្រាប់ហើយមកមើលរឿងសេដយើងទៀត»។

លោក សាន ផានិត បានចាត់ទុកអ្នកធ្វើរឿងទាំងឡាយដូចបានបញ្ជាក់ខាងលើនោះថាជាក្រុមញៀនlike និងក៏អាចដោយសារពួកគេមិនធ្លាប់ល្បីក្នុងចំណោមមហាជន «ដោយសារញៀន! វាញៀនអី? អ្នកឯងមិនដែលធ្លាប់ល្បី។ អ្នកឯងឃើញគេView(ចូលមើល)តិចតួចអ្នកឯងញៀន! ប៉ុន្តែដូចខ្ញុំ ខ្ញុំដើរទៅណាទៅណីគេសុំខ្ញុំថត គេចោមរោម ។ ខ្ញុំលក់ស្បែកជើងក្បាលគីបសោះ នរណាមិនបានដឹង មិនបានលឺ? សឹងតែនឹងបានទិញគ្រប់ៗគ្នាទៀតផង។ ខ្ញុំវាល្បីឆ្អែតឆ្អន់»៕

Share.