តារាសម្ដែងរូបសង្ហាលោក មុំ សុទ្ធារ៉ា កំពុងតែត្រៀមខ្លួនខ្សែភាពយន្តភាគថ្មីមួយទៀតជារឿងបែបព្រេងនិទានបុរាណខ្មែរ ដែលរឿងនេះលោកបានដាក់ក្ដីរំពឹងខ្ពស់ខ្លាំងថានឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន។
សូមចុចអាន៖ ជិតបានមើលទេដឹង? យូប៊ីន បញ្ចេញរូបស្អាត៣ សន្លឹកពីឆាកថតរឿង«ព្រហ្មលិខិតលម្អៀង»!
តារាសម្ដែងពេញដោយសមត្ថភាពនិងមានចរិតសុភាពរាបសារ លោក មុំ សុទ្ធារ៉ា បានឆក់យកបេះដូងនារីជាច្រើននាក់តាមរយៈតួអង្គសកលជាប៉ូលិសរូបសង្ហាមានចរិតម៉ឺងម៉ាត់ក្នុងរឿង «រសជាតិអ្នកមាន» ដែលទើបនឹងបញ្ចាំងចប់នាពេលថ្មីៗនាកញ្ចក់ទូរទស្សន៍ PNN។
យ៉ាងណាមិញមិនទុកឱ្យអ្នកគាំទ្រនឹករលឹកចំពោះលោកយូរ តារាសម្ដែងរូបនេះបានថ្លែងមកកាន់សារព័ត៌មានត្រយងញូវស៍តាមរយៈសារអេឡិចត្រូនិកថា លោកកំពុងត្រៀមថតរឿងភាគបុរាណបែបព្រេងនិទាន «សុភាសិត៣០តម្លឹង» ដែលរឿងនេះនឹងបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN។
លោក មុំ សុទ្ធារ៉ា បានបញ្ជាក់មូលហេតុដែលលោកទទួលថតរឿងភាគបុរាណនេះថា៖ «នេះជាលើកទីមួយហើយដែលលោកមានឱកាសបានសម្ដែងរឿងបែបបុរាណ ដោយកន្លងៗមករឿងដែលលោកសម្ដែងភាគច្រើនជារឿងសម័យទំនើប ម្យ៉ាងទៀតដោយសារអារម្មណ៍របស់លោកផ្ទាល់លោកស្រលាញ់រឿងព្រេងបុរាណខ្មែរមិនថាតែរឿងដែលលោកសម្ដែងនោះទេ ឱ្យតែជារឿងព្រេងគឺលោកស្រលាញ់ទាំងអស់។»
លោក មុំ សុទ្ធារ៉ា ក៏បានបង្ហាញនូវក្ដីរំពឹងខ្ពស់ថា រឿង «សុភាសិត ៣០ តម្លឹង» ដែលលោកសម្ដែងនេះអាចនឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនព្រោះ សាច់រឿងមានលក្ខណៈប្លែកថ្មី មានចែកចេញជាវគ្គៗ មិនច្រំដែល និងមានចំណុចគួរឱ្យទាក់ទាញជាច្រើនដូច្នេះ ប្រសិនបើចង់ជ្រាបច្បាស់ ប្រិយមិត្តទស្សនិកជនត្រូវតែរង់ចាំទស្សនានៅពេលដែលរឿងនេះបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN។
ឆ្លៀតក្នុងឱកាសនេះដែរលោក មុំ សុទ្ធារ៉ា បានផ្ដាំផ្ញើចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូលឱ្យអនុវត្តន៍តាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្បុជាគឺ ៣កុំ និង ៣ការពារ ជាពិសេសបងប្អូនត្រូវចងចាំក្នុងចិត្តជានិច្ចថា យើងគ្រប់គ្នាអាចភ្លេច កូវីដ-១៩ (Covid-19) ប៉ុន្តែ កូវីដ-១៩ មិនភ្លេចយើងនោះទេ ដូច្នេះយើងគ្រប់គ្នាត្រូវតែរក្សាអនាម័យទោះក្នុងកាលៈទេសៈណាក៏ដោយព្រោះបើសិនយើងមានការភ្លេចខ្លួនជំងឺច្បាស់ជាវាយលុកយើងជាក់ជាមិនខាន។
រឿងព្រេងនិទានបុរាណ «សុភាសិត៣០តម្លឹង» មានចំនួន១៥ភាគ ចាប់ផ្ដើមថតចាប់ពីថ្ងៃទី១ ខែមិថុនា ខាងមុខនេះទៅ រឿងនេះនឹងមានបញ្ចាំងជូនទស្សនានៅថ្ងៃចុងសប្ដាហ៍ក្នុងម៉ោងរឿងព្រេងបុរាណខ្មែររបស់ទូរទស្សន៍ CTN៕