កណ្តាល ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងនោះមានក្មេងប្រុសជាអនីតិជន ត្រូវបានព្រះរាជអាជ្ញាអនុញ្ញាតិឲ្យធ្វើការអប់រំ ប្រគល់ឲ្យឪពុកម្តាយយកវិលត្រឡប់ទៅវិញ បន្ទាប់ពីក្រុមជនសង្ស័យទៅធ្វើសកម្មភាពបន្លំចូលលួចកាបូបលុយ ប្រជាពលរដ្ឋ អ្នកលក់ផ្លែឈើ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ចំណុចផ្សារអ្នកលឿងត្រើយខាងលិចភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនសង្ស័យទាំង៤នាក់ ៖ ទី១ ឈ្មោះ គង់ ទីណាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រុងភ្នំពេញ ។ ទី២ ឈ្មោះគង់ ស្រីល័ក្ខ ហៅ សង ស្រីអូន ភេទស្រី អាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។ ទី៣ ឈ្មោះ នៅ វិត ហៅស្វា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រែកតាសេក ឃុំព្រែកតាសេក ស្រុកមុខកំពូល ខេត្តកណ្តាល ។ ទី៤ ជាក្មេងប្រុសអនីតិជន នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ សុខ មុំ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ លក់ផ្លែឈើ មានទីលំនៅភូមិឃុំកើតហេតុ ។ សម្ភារៈក្នុងកាបូប
លុយខ្មែរ១,០០០,០០០រៀល , និងទូរស័ព្ទដៃចំនួន០២គ្រឿង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបាននាំគ្នាជិះម៉ូតូចំនួន២គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JN-8244 និងមួយគ្រឿងទៀតម៉ាកស្កុបពី សេរី២០២២ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1JL-5343 ទៅប្រើល្បិចឈប់រកទិញផ្លែឈើ ដោយពឹងឲ្យអ្នកលក់ជួយរើសផ្លែឈើ និងនាំជជែក ហើយបក្ខពួកជនសង្ស័យបន្លំលួចចូលទៅលួចកាបូបលុយខាងក្រោយ តែត្រូវបានអ្នកលក់ដូរក្បែរនោះឃើញទាន់ស្រែក ធ្វើឲ្យក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូរត់គេច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចដេញស្ទាក់ចាប់បាន ត្រង់ចំណុច ផ្លូវជាតិលេខ១ ស្ថិតនៅមុខក្លោងទ្វាចូលវត្តអង្គរជ័យ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់ នាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុក ដោយឡែកក្មេងប្រុសជាអនីតិជនម្នាក់ត្រូវបានលោកព្រះរាជអាជ្ញារង អនុញ្ញាតិឲ្យធ្វើការអប់រំរួចប្រគល់ឲ្យឪពុកម្តាយយកវិលត្រឡប់ទៅផ្ទះវិញ សល់តែជនសង្ស័យ៣នាក់ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ÷តាតុង សែនជ័យ

Share.