ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ ទូរទស្សន៍ជាតិកម្ពុជា ទទក ដែលបានបង្ហោះផ្សាយរូបភាពនៃជំនួបនេះ មិនបានពិពណ៌នាច្រើនអំពីខ្លឹមសារនៃជំនួបនេះឡើយ ហើយដូចគ្នាដែរ ឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក៏មិនបានសរសេរខ្លឹមសារអ្វីច្រើនអំពីជំនួបនោះដែរ។

សូមបញ្ជាក់ថាឯកឧត្តម វ៉ាង យ៉ី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមនឹងមានវត្តមានចូលរួមកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ានដែលកម្ពុជាបានិងកំពុងធ្វើជាម្ចាស់ផ្ទះ។ នៅថ្ងៃនេះដែរ ឯកឧត្តម វ៉ាង យ៉ី ក៏បានចូលក្រាបបង្គំគាលព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃកម្ពុជាផងដែរ៕

Share.