ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Ford Ranger មួយគ្រឿងងោកមួយភាំងបណ្តាលឲ្យរេចង្កូតទៅបុកបង្កាន់ដៃស្ពានបាក់អស់៤ផ្ទាំង ធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងល្អត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាចុះជួយទាន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៤០ នាទីយប់ថ្ងៃទី ៦ ខែ សីហា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបបុរីអង្គរ តាមបណ្ដោយផ្លូវ១០០៣ កែងនឹងផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីអ្នកបើកបររថយន្តបានឲ្យដឹងថា មុនកើតហេតុខ្លួនបើករថយន្តម៉ាកFord Rangerមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-9848ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០០៣ ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុគាត់បានងោកមួយភាំង បណ្ដាលឲ្យរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកបង្កាន់ដៃស្ពាន បាក់អស់ចំនួន៤ ផ្ទាំង ចំណែករថយន្តដាំក្បាលធ្លាក់ចូលប្រឡាយទឹកស្អុយ ភ្លាមៗនោះត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នោះ នាំគ្នាចុះទៅជួយសង្គ្រោះដោយយករូបគាត់ឡើងមកលើវិញ ដោយមិនមានរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទាក់ទងទៅសមត្ថកិច្ចជំនាញមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ និង រូបភាព៖ទូច វិច្ឆិកា