ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍អបអរសាទរ ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហម និងបានបង្ហាញការចងចាំច្បាស់ថាសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាមួយនឹងការជួយរបស់ប្រទេសវៀតណាម។ បញ្ជាក់របស់ឯកឧត្តមអគ្គលេខាធិការបានធ្វើឡើងក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅទីស្នាក់ការអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។
ការលើកឡើងរបស់ឯកឧត្តម Antonio Guterres ក៏បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចបានរង់ចាំរយៈពេល៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជារងគ្រោះក្នុងរបបខ្មែរក្រហម និងបន្តថា៤៣ឆ្នាំមុនយើងបានរួចពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយពីប្រទេសវៀតណាម។ សម្តេចតេជោបានបញ្ជាក់ទៀតថាការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ក្នុងគោលដៅដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍ស្ថានភាពបែបនេះកើតឡើងសារជាថ្មីទៀត។
ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៣ មេដឹកនាំទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ រួមមាន កាំង ហ្គេចអៀវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង ខៀវ សំផន អតីតប្រមុខរដ្ឋ នួន ជា អតីតប្រធានរដ្ឋសភា អៀង សារី អតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ច។ អ្នកទាំង៤នោះបានស្លាប់ជាបន្តបន្ទាប់។ ការប្រកាសសាលដីកាកាត់ទោស ខៀវ សំផន ជាប់ពន្ធនាគារមួយជីវិតដោយបិទផ្លូវតវ៉ានាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ជាបិទបញ្ចប់សវនការទាំងស្រុង។
ងាកមកនិយាយពីជំនួបរវាងសម្ដេចតេជោ និងអគ្គលេខាធិការUNវិញ សម្ដេចបានអញ្ជើញ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ២០២២ខាងមុខនេះ ដោយសម្ដេចបន្ថែមថា ឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមាន ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន។
ជាការឆ្លើយតប ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា នឹងពិចារណានៃការចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខនេះ ពីព្រោះកន្លងទៅនេះ ឯកឧត្តមក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ តែក្នុងនាមជាអ្នកទេសចរណ៍ ដូច្នេះ ឯកឧត្តមពិតជាចង់ត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី ជាពិសេស ឯកឧត្តមនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន៕