អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan កាលពីថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍នេះ បានធ្វើការសុំទោសក្នុងការមើលងាយលើសំណុំរឿងរបស់តុលាការ ហើយបានសន្យាថានឹងមិនធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់តុលាការ ដែលកាយវិការនេះត្រូវបានគេមើលឃើញថា វាអាចជួយគាត់ឲ្យជៀសផុតពីការដកសិទ្ធិពីនយោបាយ។ នេះបើយោងការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២។

ការចោទប្រកាន់នេះគឺ ទាក់ទងទៅនឹងសុន្ទរកថារបស់លោក Khan កាលពីខែ មុន ដែលលោក Khan បានគំរាមកំហែងប៉ូលីស និង ចៅក្រមជាស្រ្តី បន្ទាប់ពីជំនួយការជិតស្និទ្ធរបស់លោកម្នាក់បានបដិសេធមិនឲ្យនៅក្រៅឃុំក្នុងសំណុំរឿងបះបោរមួយ។

មេធាវី លោក Faisal Chaudhry បាននិយាយថា តុលាការបានពន្យារពេលការសម្រេចចិត្តថា តើត្រូវចោទប្រកាន់ លោក Khan ដែរឬទេ។ លោកបានបន្ថែមថា តុលាការបានណែនាំអ្នកនយោបាយ ឲ្យដាក់លិខិតសុំទោសជាលាយលក្ខណ៍អក្សរដោយគ្មានលក្ខខណ្ឌ នៅត្រឹមថ្ងៃទី ០៣ ខែ តុលា ខាងមុខ។

ប៉ុន្ដែប្រសិនបើតុលាការចោទប្រកាន់លោក Khan នោះអ្នកនយោបាយដែលត្រូវបានកាត់ទោសត្រូវទទួលខុសត្រូវក្នុងការដកសិទិ្ធយ៉ាងហោចណាស់ ៥ឆ្នាំនៅក្រោមច្បាប់របស់ប៉ាគីស្ថាន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលមានវត្តមាននៅក្នុងបន្ទប់សវនាការបានដកស្រង់សម្ដីរបស់លោក Khan ដោយនិយាយថា «ខ្ញុំសុំទោសប្រសិនបើខ្ញុំឆ្លងកាត់បន្ទាត់ណាមួយ»។ លោកបន្ដថា «លោកនឹងមិនធ្វើអ្វីដែលប៉ះពាល់ដល់សេចក្ដីថ្លែថ្នូររបស់តុលាការឡើយ ហើយលោកនឹងសុំទោសចៅក្រមស្រីដោយស្ម័គ្រចិត្ត ប្រសិនបើនាងយល់ថា វាចាំបាច់»។

លោក Chaudhry បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា «តុលាការបានកោតសរសើរចំពោះកាយវិការនេះ» ដោយបន្ថែមថា លោករំពឹងថាបទចោទប្រកាន់ភាគច្រើន នឹងត្រូវបានទម្លាក់បន្ទាប់ពីការសុំទោស៕

ប្រភព៖ CNA

Share.