ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង របើកដាច់លលាដ៍ក្បាល ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តធុនធំប្រភេទដឹកបេតុង បើកកៀរម៉ូតូសណ្តោងរុឺម៉ក រុញទៅបុកម៉ូតូហុងដាគុបជ្រុង ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបររុឺម៉កម៉ូតូស្លាប់មួយរំពេច ហើយរថយន្តបង្កបន្ថែមល្បឿនបើករត់គេចទៅបាត់។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវ៥០ម៉ែត្រ ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះម្នាក់ស្លាប់នៅកន្លែង មានឈ្មោះ លឹម សង្ហា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំណាក់ឈ្នួល ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត ។ ចំណែកជនរងរបួសធ្ងន់មានឈ្មោះ ជា ប៉ុណ្ណារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ក្បែរកន្លែងកើតហេតុ។

តាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តធុនធំប្រភេទដឹកបេតុង បើកលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលកៀរម៉ូតូសណ្តោងរុឺម៉ក ហើយរុញទៅបុកម៉ូតូហុងដាគុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1L-1768 ក្នុហដំណើរស្របទិស បណ្តាលឲ្យអ្នកបើករុឺម៉កស្លាប់ភ្លាមៗនៅកន្លែង ចំណែកអ្នកជិះម៉ូតូហុងដាគុប រងរបួសធ្ងន់ ហើយរថយន្តបង្កបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូរុឺម៉ក និងម៉ូតូហុងដាគុប សុទ្ធតែភាគីរងគ្រោះ ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក និងបន្តស្រាវជ្រាវរករថយន្តបង្ក៕

អត្ថបទ៖ តាតុងសែនជ័យ

Share.