នាយករដ្ឋមន្រ្តីតៃវ៉ាន់ កាលពីថ្ងៃ អាទិត្យ បានចោទប្រកាន់ចិនពីបទ បំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ និង រើសអើង លើកោះនេះបន្ទាប់ពីចិនបានបញ្ឈប់ការនាំចូលទំនិញតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ចន្ទ ទី ១២ ខែ ធ្នូ ឆ្នាំ ២០២២។

យោងតាមក្រសួងហិរញ្ញវត្ថុរបស់តៃវ៉ាន់បានឲ្យដឹងថា អាជ្ញាធរគយចិនបានផ្អាកការនាំចូលភេសជ្ជៈ ស្រាបៀរ មួយចំនួនភ្លាមៗកាលពីថ្ងៃ សុក្រ សប្ដាហ៍មុន។

ក្រសួងបន្ដថា ការផ្លាស់ប្ដូរនេះគឺទាក់ទងទៅនឹងបទប្បញ្ញត្តិដែលទីក្រុង ប៉េកាំង បានដាក់នៅថ្ងៃទី ០១ ខែ មករា ដែលតម្រូវឲ្យអ្នកនាំចេញអាហារ និង ភេសជ្ជៈទាំងអស់ទៅកាន់ដីគោក ត្រូវចុះបញ្ជីជាមួយគយចិន ខណៈក្រុមហ៊ុនតៃវ៉ាន់មួយចំនួននៅតែស្ថិតក្រោមការត្រួតពិនិត្យនៅឡើយ។

យ៉ាងណាម៉ិញ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក Su Tseng-chang បានចោទប្រកាន់ទីក្រុង ប៉េកាំង ថា បានរំលោភលើបទដ្ឋានរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយបង្កើតច្បាប់ខ្លួនឯង និង ជ្រៀតជ្រែកក្នុងពាណិជ្ជកម្មតាមរយៈមធ្យោបាយរដ្ឋបាល។

លោក Tseng-chang បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃ អាទិត្យ ថា ប្រទេសចិនមានភាពតឹងតែងជាពិសេសជាមួយយើង និង មានការរើសអើងប្រឆាំងនឹងតៃវ៉ាន់ផងដែរ។ លោកបន្ដថា តៃវ៉ាន់គ្រោងនឹងអំពាវនាវទៅកាន់ WTO ហើយតៃវ៉ាន់នឹងជួយដល់អាជីវកម្មដែលរងផលប៉ះពាល់ផងដែរ។

បច្ចុប្បន្នទីក្រុង ប៉េកាំងនៅតែអះអាងថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ហើយប្រកាសថានឹងយកមកវិញនៅថ្ងៃណាមួយប្រសិនបើចាំបាច់។

ប្រទេសចិនបានបង្កើនសម្ពាធផ្នែកយោធា ផ្នែកការទូត និង សេដ្ឋកិច្ចនៅលើកោះនេះ ចាប់តាំងពីមានការបោះឆ្នោតជ្រើសរើសលោកស្រី Tsai Ing-wen កាលពីឆ្នាំ ២០១៦ ដោយទំនាក់ទំនងរវាងទីក្រុងប៉េកាំង និង កោះតៃវ៉ាន់ កាន់តែយ៉ាប់យ៉ឺន។

សូមជម្រាបថា បម្រាមថ្មីៗលើការនាំចូលផ្លៃឈើ បន្លែ ត្រី សាច់ មួយចំនួនរបស់កោះតៃវ៉ាន់ ធ្វើឡើងដើម្បីជាការសងសឹកចំពោះការធ្វើដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុង តៃប៉ិ កាលពីខែ សីហា ដែលបានជំរុញឲ្យទីក្រុង ប៉េកាំង មានការខឹងសម្បារយ៉ាងខ្លាំង ហើយបានធ្វើសមយុទ្ធយោធានៅជុំវិញកោះនេះផងដែរ៕

ប្រភព៖ CNA

Share.