រដ្ឋមន្រ្តីក្រសួងការបរទេសចិន កាលពីថ្ងៃ ពុធ បានរិះគន់ការសម្រេចចិត្តរបស់ទីក្រុង តៃប៉ិ ក្នុងការពង្រីករយៈពេលបំពេញកាតព្វកិច្ចយោធាពី ៤ខែទៅ១ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០២២។

អ្នកនាំពាក្យក្រសួងបាននិយាយថា កោះនេះកំពុងតែប្រើប្រាស់ប្រជាជនរបស់ខ្លួនធ្វើជា «ទាហានសម្រាប់ស្លាប់នៅក្នុងសង្រ្គាម» ដើម្បីបំពេញមហិច្ឆតា «ផ្ដាច់ខ្លួន» របស់ខ្លួន។

នៅពេលសួរអំពីការសម្រេចចិត្តរបស់ទីក្រុង តៃប៉ិ អ្នកនាំពាក្យក្រសួង លោក Wang Wenbin បានប្រាប់អ្នកសារព័ត៌មានថា «ការតស៊ូដើម្បីកិច្ចការដ៏អស្ចារ្យនៃការសម្រេចបាននូវការបង្រួបបង្រួមជាតិឡើងវិញ គឺមានសារសំខាន់ដែលមិនអាចកាត់ថ្លៃបាន ការស្លាប់សម្រាប់សកម្មភាពផ្ដាច់ខ្លួនឯករាជ្យរបស់តៃវ៉ាន់គឺគ្មានតម្លៃអ្វីនោះទេ»។

មន្រ្តីដដែលបាននិយាយាថា ទីក្រុង ប៉េកាំង ជឿថា ជនរួមជាតិតៃវ៉ាន់មានគោលការណ៍ខ្ពស់ ពួកគេនឹងមិនត្រូវបានយកទៅបម្រើជាទាហានសម្រាប់ស្លាប់ក្នុងសង្រ្គាម ដោយកងកម្លាំងផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់ឡើយ។

ការលើកឡើងបែបនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីកោះគ្រប់គ្រងដោយខ្លួនឯង លោកស្រី Tsai Ing-Wen បានប្រកាសពីការពន្យាពេលការចុះឈ្មោះជាកងទ័ព ដោយលើកឡើងពីការបំភិតបំភ័យ និង ការគំរាមកំហែងរបស់ចិនប្រឆាំងនឹងតៃវ៉ាន់។

លោកស្រី Tsai Ing-Wen បានលើកឡើងថា នេះជាការសម្រេចចិត្តដ៏ពិបាក ប៉ុន្ដែលោកស្រីអះអាងថា កោះនេះចាំបាច់ត្រូវការកងទ័ពប្រសើរជាងមុន ដោយសារប្រព័ន្ធយោធាបច្ចុប្បន្នមិនគ្រប់គ្រាន់ទេ ជាពិសេសក្នុងករណីមានការវាយប្រហារយ៉ាងឆាប់រហ័សលើកោះតៃវ៉ាន់។

សូមជម្រាបថា ការអភិវឌ្ឍន៍កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ខណៈទីក្រុង ប៉េកាំង ចាត់ទុកកោះតៃវ៉ាន់ជាទឹកដីអធិបតេយ្យភាពរបស់ចិន ក្រោមគោលនយោបាយចិនតែមួយ។ កោះដែលគ្រប់គ្រងដោយខ្លួនឯងតាំងពីឆ្នាំ១៩៤៩នេះ មិនដែលប្រកាសឯករាជ្យពីចិនជាផ្លូវការនោះទេ៕

ប្រភព៖ RT

Share.