តៃវ៉ាន់បានថ្កោលទោសចិននាថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះ ចំពោះការធ្វើសមយុទ្ធយោធាលើកទី២របស់ខ្លួន ជុំវិញកោះនេះក្នុងរយៈពេលតិចជាង ១ខែ ដោយក្រសួងការពារជាតិបាននិយាយថា ខ្លួនបានរកឃើញយន្ដហោះចិនចំនួន ៥៧គ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ០៩ ខែ មករា ឆ្នាំ ២០២៣។

ប្រទេសចិន ចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ហើយបាននឹងកំពុងបង្កើនសម្ពាធផ្នែកយោធា នយោបាយ និង សេដ្ឋកិច្ច។

បញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃ អាទិត្យថា កងកម្លាំងរបស់ខ្លួនបានរៀបចំការល្បាតត្រៀមប្រយុទ្ធរួមគ្នា និង សមយុទ្ធប្រយុទ្ធជាក់ស្ដែងនៅក្នុងសមុទ្រ និង ដែនអាកាសជុំវិញកោះតៃវ៉ាន់​ ដោយផ្ដោតលើការវាយប្រហារដីគោក និង ការវាយប្រហារតាមសមុទ្រ។

បញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានបន្ថែមថា គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរួមគ្នា និង ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុរបស់កងកម្លាំងខាងក្រៅ និង កងកម្លាំងផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់។

យ៉ាងណាម៉ិញ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ថា ប្រទេសចិនកំពុងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ហើយបានថ្កោលទោសយ៉ាងមុះមុតចំពោះសមយុទ្ធនេះ ដោយនិយាយថា សន្ដិភាព និង ស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ និង តំបន់គឺជាការទទួលខុសត្រូវរួមរបស់តៃវ៉ាន់ និង ចិន។

ការិយាល័យបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ជំហររបស់តៃវ៉ាន់គឺច្បាស់ណាស់ ដោយក្នុងនោះវានឹងមិនធ្វើឲ្យជម្លោះកើនឡើង ឬ បង្កជម្លោះនោះទេ ប៉ុន្ដែនឹងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និង សន្ដិសុខរបស់ខ្លួន។

ការិយាល័យបានបន្ថែមថា យោធារបស់ប្រទេសអាចក្ដោបក្ដាប់យ៉ាងជិតស្និទ្ធអំពីស្ថានភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និង តំបន់ជុំវិញ ហើយឆ្លើយតបដោយស្ងាប់ស្ងាត់ ដែលប្រជាជនរបស់យើងអាចធានាបាន។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ក្នុងរយៈពេល ២៤ម៉ោង ខ្លួនបានរកឃើញយន្ដហោះចិនចំនួន ៥៧គ្រឿង និង នាវាកងទ័ពជើងទឹកចំនួន៤ ដែលកំពុងប្រតិបត្តិការជុំវិញកោះនេះ រួមទាំងយន្ដហោះចំនួន ២៨គ្រឿង បានហោះចូលទៅក្នុងតំបន់ដែនអាកាសរបស់តៃវ៉ាន់។

សូមជម្រាបថា ប្រទេសចិន ដែលជាមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីដណ្ដើមកោះនេះឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះ បាននឹងកំពុងអនុវត្តការវាយប្រហារដោយយោធាជាទៀងទាត់ចូលទៅក្នុងដែនទឹក និង លំហអាកាសនៅជិតកោះតៃវ៉ាន់ក្នុងពេល ៣ឆ្នាំកន្លងមកនេះ៕

ប្រភព៖ CNA

Share.