ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា តៃវ៉ាន់មិនបានឃើញបាឡុងស៊ើបការណ៍សម្ងាត់ណាមួយពីប្រទេសចិននៅក្នុងតំបន់ជុំវិញរបស់ខ្លួននោះទេ ដោយសារតែជម្លោះរវាងចិន និង សហរដ្ឋអាមេរិក លើបាឡុងស៊ើបការណ៍សម្ងាត់បានបង្កឲ្យមានការព្រួយបារម្ភអំពីការកើនឡើងភាពតានតឹងផ្នែកយោធា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣។

យោធាអាមេរិកកាលពីថ្ងៃទី ០៤ ខែ កុម្ភៈ បានបាញ់ទម្លាក់នូវអ្វីដែលខ្លួនហៅថា បាឡុងស៊ើបការណ៍សម្ងាត់របស់ចិន លើកដំបូងនៅរដ្ឋ South Carolina ហើយកាលពីថ្ងៃ សុក្រ អាមេរិកបានបាញ់ទម្លាក់វត្ថុទី២ ហោះលើសមុទ្រទឹកកក នៃរដ្ឋ Alaska និង វត្ថុទី៣ ត្រូវបានបាញ់ទម្លាក់នៅភាគពាយ័ព្យប្រទេស កាណាដា កាលពីថ្ងៃ សៅរ៍ ខណៈក្រុមស៊ើបអង្កេតនៅតែប្រមាញ់រកបំណែករបស់វត្ថុទាំងនោះដើម្បីស្រាវជ្រាវ និង កំណត់អត្តសញ្ញាណ ដោយកាលពីថ្ងៃទី ១៣ ខែ កុម្ភៈ អាមេរិកបានសម្រេចបាញ់ទម្លាក់វត្ថុចម្លែកទី៤ នៅលើបឹង Huron ក្បែរប្រទេសកាណាដា។

ទាក់ទិននឹងបញ្ហានេះ មន្រ្តីស៊ើបការណ៍យោធាតៃវ៉ាន់ម្នាក់បាននិយាយថា កងកម្លាំងប្រដាប់អាវុធមិនបានឃើញបាឡុងស៊ើបការណ៍ដែលអាមេរិកបាញ់ទម្លាក់នៅក្បែរកោះនេះទេ។ លោកបន្ដថា យោធានឹងកម្ទេចបាឡុងណាមួយចូលមកក្បែរកោះតៃវ៉ាន់ ដែលបង្កការគំរាមកំហែងសន្ដិសុខខ្ពស់។

ទោះជាយ៉ាងណាក្ដី តៃវ៉ាន់ប្ដេជ្ញាការពារខ្លួនប្រសិនបើមានការវាយប្រហារណាមួយកើតឡើង ដោយនិយាយថា ខ្លួនទាមទារអធិបតេយ្យភាពពីទីក្រុង ប៉េកាំង ដែលចិនតែងតែចាត់ទុកថា កោះតៃវ៉ាន់ជាតំបន់ដែលគ្រប់គ្រង៕

ប្រភព៖ CNA

Share.