បេក្ខជនដែលទំនងជាតំណាងឲ្យគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់ គឺអនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai បានសន្យានាថ្ងៃ ពុធ ថា រូបលោកប្ដេជ្ញាការពារកោះប្រឆាំងនឹងប្រទេសចិន និងធានាសន្ដិភាព ខណៈរូបលោកបានចុះឈ្មោះជាផ្លូវការដើម្បីឈរឈ្មោះក្នុងយុទ្ធនាករនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី ១៥ ខែ មីនា ឆ្នាំ ២០២៣។
លោក Lai គឺជាបេក្ខជននាំមុខគេក្នុងការធ្វើជាបេក្ខភាពគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែ មករា ឆ្នាំ ២០២៤ ខាងមុខនេះ។
លោកបានចូលកាន់តំណែងជាប្រធានគណបក្ស DPP នៅខែ មករា ឆ្នាំនេះ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានលាលែងពីតំណែងជាប្រធានក្នុងខែ វិច្ឆិកា បន្ទាប់ពីគណបក្ស DPP ទទួលបានលទ្ធផលមិនល្អ នៅក្នុងការបោះឆ្នោតក្នុងស្រុក។ លោកស្រី Tsai មិនអាចឈរឈ្មោះជាប្រធានាធិបតីបានទៀតទេ ដោយសារការកំណត់អាណត្តិរបស់រដ្ឋធម្មនុញ្ញ។
ថ្លែងទៅកាន់ទីស្នាក់ការកណ្ដាលរបស់គណបក្ស នៅពេលលោកបានចុះឈ្មោះជាបេក្ខជនរបស់គណបក្សនៅក្នុងការបោះឆ្នោតបឋម លោក Lai បាននិយាយថា តៃវ៉ាន់ឈរនៅជួរមុខនៃលទ្ធិប្រជាធិបតេយ្យ។ លោកបានប្រាប់ថា «តៃវ៉ាន់ស្ថិតនៅក្នុងទីតាំងភូមិសាស្រ្តដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់កោះទី១ នៃឥណ្ឌូប៉ាស៊ីហ្វិក ដោយប្រឈមមុខដោយផ្ទាល់នឹងការគំរាមកំហែងដោយពាក្យសំដី និង យោធារបស់ចិន ការគាបសង្កត់ការទូតតាមរយៈមធ្យោបាយដែលមិនសមហេតុផល និង ការគំរាមកំហែងផ្សេងៗនៃយុទ្ធសាស្រ្តទ្វេរដងរបស់ពួកគេក្នុងការចង់បានសន្តិភាព និង ការធ្វើសង្រ្គាម។ លោក Lai បន្ថែមថា «យើងត្រូវតែបង្រួបបង្រួម បន្ដពង្រឹងតៃវ៉ាន់ឲ្យកាន់តែរឹងមាំ ការពាររណសិរ្សប្រជាធិបតេយ្យ និង ធានាសន្ដិសុខរបស់តៃវ៉ាន់»។
នៅពេលសួរអំពីមតិយោបល់ទាំងនោះកាលពីខែ មករា នៅពេលក្លាយជាប្រធានបក្សDPP លោក Lai បាននិយាយថា លោកបានប្ដេជ្ញាចិត្តធ្វើតាមគោលនយោបាយរបស់លោកស្រី Tsai ដែលរួមមានការបញ្ជាក់តែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចអនាគតរបស់ពួកគេ ហើយថា សាធារណរដ្ឋចិន ដែលជាឈ្មោះជាផ្លូវការរបស់តៃវ៉ាន់ សាធារណរដ្ឋប្រជាមានិតចិន គឺ «មិនចុះចាញ់គ្នាទៅវិញទៅមក»។
យ៉ាងណាម៉ិញ គណបក្សប្រឆាំងដ៏សំខាន់របស់កោះតៃវ៉ាន់ គឺ គណបក្ស Kuomintang ឬ KMT ដែលតែងតែគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុង ប៉េកាំង មិនទាន់សម្រេចចិត្តលើបេក្ខជនប្រធានាធិបតីរបស់ខ្លួននៅឡើយទេ៕