ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr កាលពីថ្ងៃ អង្គារ បាននិយាយថា លោកនឹងកាត់ផ្ដាច់ទំនាក់ទំនងជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បន្ទាប់ពីតុលាការនោះបានច្រានចោលសំណើរ ដែលសុំឲ្យបញ្ឈប់ការស៊ើបអង្កេតសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ ពុធ ទី ២៩ ខែ មីនា ឆ្នាំ ២០២៣។

ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ ដែលភាគច្រើនជាឈ្មួញជួញដូរគ្រឿងញៀនតូចតាច និង អ្នកប្រើប្រាស់ ត្រូវបានសម្លាប់ដោយប៉ូលីស ក្នុងអំឡុងការបង្រ្កាបគ្រឿងញៀនដ៏ខ្លាំងក្លា ឬ យុទ្ធនាការកណ្ដាប់ដៃដែក របស់លោក Duterte។

តុលាការ ICC បាននឹងកំពុងស៊ើបអង្កេតពីការចោទប្រកាន់យ៉ាងទូលំទូលាយដោយក្រុមសិទ្ធិមនុស្ស និង ជនរងគ្រោះនៃការប្រហារជីវិតជាប្រព័ន្ធ ដែលបិទបាំងដោយប៉ូលីស ដោយលើកឡើងថា ពួកគេបានសម្លាប់ជនសង្ស័យ ដើម្បីតែការពារខ្លួនឯងប៉ុណ្ណោះ។

លោក Marcos បានប្រាប់អ្នកយកព័ត៌មាន នៅពេលគេសួរអំពីសំណើររបស់លោក ដែលតុលាការ ICC បានច្រានចោលកាលពីសប្ដាហ៍នេះថា «នោះជាការបិទបញ្ចប់ ការចូលរួមគ្រប់យ៉ាងរបស់យើងទាំងអស់ជាមួយ ICC។ នៅចំណុចនេះ យើងកំពុងផ្ដាច់ទំនាក់ទំនងគ្រប់បែបយ៉ាង។ យើងមិនអាចសហការជាមួយ ICC ដោយសារតែសំណួរសំខាន់ៗអំពីយុត្តាធិការរបស់ពួកគេ និង អំពីអ្វីដែលយើងចាត់ទុកថាជាការជ្រៀតជ្រែក និង វាយប្រហារលើអធិបតេយ្យភាពនៃសាធារណរដ្ឋរបស់យើង»។

ICC គឺជា តុលាការនៃជម្រើសចុងក្រោយ ដែលអាចអនុវត្តយុត្តាធិការ ប្រសិនបើរដ្ឋណាមួយមិនអាច ឬ មិនស្ម័គ្រចិត្តក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម។

ខណៈការរិះគន់អន្តរជាតិកើនឡើង លោក Duterte បានដកហ្វីលីពីនជាឯកតោភាគីចេញពីសន្ធិសញ្ញា ICC ក្នុងឆ្នាំ ២០១៨។ សន្ធិសញ្ញានេះចែងថា ICC អាចស៊ើបអង្កេតលើបទឧក្រិដ្ឋ ដែលបានកើតឡើងកំឡុងពេលដែលប្រទេសមួយនៅជាសមាជិករបស់ខ្លួន។

កាលពីខែ មករា តុលាការបានផ្ដល់សំណើដល់ព្រះរាជអាជ្ញាឲ្យបើកការស៊ើបអង្កេតឡ់ងវិញលើការប្រហារជីវិតមនុស្ស ដោយបានផ្អាកការស៊ើបអង្កេតកាលពីខែ វិច្ឆិកា ឆ្នាំ ២០២១ តាមសំណើរបស់ទីក្រុង ម៉ានីល បន្ទាប់ពីទីក្រុងនេះបាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតដោយខ្លួនឯង។

លោក Duterte ធ្លាប់បានអះអាងជាច្រើនលើកច្រើនសារថា លោកមិនដែលបាន​​បង្គាប់ឲ្យមានការសម្លាប់ជនសង្ស័យ ក្រៅពីករណីស្វ័យការពារនោះឡើយ ហើយលោកក៏បាននិយាយដែរថា រូបលោកស្ម័គ្រចិត្តនឹងឡើងដល់​តុលាការសម្រាប់សង្រ្គាមគ្រឿងញៀនរបស់លោក ប៉ុន្តែវាអាចកើតឡើងទៅបាន លុះត្រាតែនៅក្នុងតុលាការរបស់ហ្វីលីពីនផ្ទាល់ប៉ុណ្ណោះ៕

ប្រភព៖ Reuters

Share.