ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-Wen បានបញ្ចប់ដំណើរទស្សនកចិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេស ហ្គាតេម៉ាឡា កាលពីថ្ងៃ អាទិត្យ (ម៉ោងក្នុងស្រុក) ជាកន្លែងដែលលោកស្រីបានផ្ដល់កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីហ្គាតេម៉ាឡា Alejandro Giammattei ដែលជាសម្ព័ន្ធមិត្តមួយរបស់តៃវ៉ាន់នៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ០៣ ខែ មេសា ឆ្នាំ ២០២៣។

ដំណើរទស្សនកិច្ចរបស់លោកស្រី​ Tsai នឹងបន្ដទៅកាន់ប្រទេស បេលី (Belize) នៅរសៀលថ្ងៃ អាទិត្យ ដោយកើតឡើងមួយសប្ដាហ៍បន្ទាប់ពីប្រទេស ហុងឌូរ៉ាស បានផ្ដាច់ទំនាក់ទំនងជាមួយទីក្រុង តៃប៉ិ ហើយស្រវ៉ាយកទំនាក់ទំនងជាមួយទីក្រុង ប៉េកាំង។

ប្រទេស ចិន និង តៃវ៉ាន់ បានប្រជែងគ្នាដណ្ដើមអំណាចនៅអាមេរិកឡាទិន ចាប់តាំងពីការបញ្ចប់សង្រ្គាមស៊ីវិលរបស់ចិន ក្នុងឆ្នាំ១៩៤៩ ដោយទីក្រុង ប៉េកាំង បានចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ចិនដែលជាជំហរមួយដែលទីក្រុង តៃប៉ិ បដិសេធយ៉ាងខ្លាំង។ ប្រទេស ចិន បានបដិសេធមិនអនុញ្ញាតឲ្យប្រទេសផ្សេងទៀតរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន និង ហ្គាតេម៉ាឡា ក្នុងពេលតែមួយ។

អំឡុងបំពេញទស្សនកិច្ច នៅប្រទេស ហ្គាតេម៉ាឡា លោកស្រី Tsai បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៤លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្មតំបន់ជនបទ ហើយបានសន្យាថានឹងជំរុញ ហើយបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឲ្យកាន់តែខ្លាំងជាងមុន។

លោកស្រីបានលើកឡើងថា «ចាប់ពីពេលនេះតទៅ តៃវ៉ាន់ និង ហ្គាតេម៉ាឡា នឹងបន្ដបង្ហាញពីសាមគ្គីភាពចំពោះគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលអាចធ្វើទៅបាន ដោយផ្អែកលើគោលបំណងរឹងមាំ សាមគ្គីភាព និង ផលប្រយោជន៍រវាងគ្នាទៅវិញទៅមក»។

មុនពេលទៅដល់ប្រទេស ហ្គាតេម៉ាឡា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១៣ ដែលតៃវ៉ាន់មានទំនាក់ទំនងការទូតជាមួយ លោកស្រី Tsai បានឈប់សម្រាកនៅទីក្រុង ញូវយ៉ក ដែលធ្វឲ្យប្រទេស ចិន ឡើងកម្ដៅ ខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលបានព្រមានម្តងហើយម្តងទៀតមិនឲ្យមន្ត្រីអាមេរិកជួបជាមួយលោកស្រី Tsai។

យ៉ាងណាម៉ិញ ប្រធានាធិបតីហ្គាតេម៉ាឡា Giammattei បានថ្លែងអំណរគុណចំពោះការមកបំពេញទស្សនកិច្ចនៅប្រទេសអាមេរិកកណ្ដាលរបស់លោកស្រី Tsai។ លោក Giammattei បាននិយាយថា «ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងចំណងមិត្តភាពរបស់ពួកយើងឲ្យកាន់តែរឹងមាំ នឹងស្ថិតក្នុងដួងចិត្តរបស់យើងជារៀងរហូត»។

សូមជម្រាបថា ជំហររបស់ប្រទេស ហ្គាតេម៉ាឡា ក្នុងការរក្សាទំនាក់ទំនងជាមួយតៃវ៉ាន់ គឺជាវិធីមួយនៃការយកចិត្តសហរដ្ឋអាមេរិក នៅពេលដែលទំនាក់ទំនងរវាងប្រទេស ហ្គាតេម៉ាឡា ជាមួយទីក្រុង វ៉ាស៊ីនតោន មានភាពតានតឹងជាមួយគ្នា នេះបើតាមអតីតរដ្ឋមន្ត្រីការបរទេសហ្គាតេម៉ាឡា Edgar Gutierrez បានប្រាប់រ៉យទ័រកាលពីថ្ងៃអាទិត្យ៕

ប្រភព៖ CNA

Share.