ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា ប្រទេស ចិន បានដាក់ពង្រាយនាវាចម្បាំងឆ្លងកាត់ដែនទឹកជុំវិញកោះតៃវ៉ាន់ ខណៈចិនបានប្ដេជ្ញាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះជំនួបរវាងមេដឹកនាំតៃវ៉ាន់ និង ប្រធានសភាអាមេរិក នៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍​ ទី ០៦ ខែ មេសា ឆ្នាំ ២០២៣។

មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing Wen និង ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Kevin McCarthy បានជួបគ្នាដោយផ្ទាល់កាលពីថ្ងៃ ពុធ សប្ដាហ៍នេះ នៅឯទីក្រុង Simi Valley រដ្ឋ កាលីហ្វ័រញ៉ា អំឡុងពេលឈប់សំចតបន្ទាប់ពីលោកស្រី Tsai បានបញ្ចប់ដំណើរទស្សនកិច្ចរក្សាទំនាក់ទំនងការទូតជាមួយប្រទេស ហ្គាតេម៉ាឡា និង បេលី។

ប្រទេស ចិន បានព្រមានម្ដងហើយម្ដងទៀតថា កិច្ចប្រជុំមិនគួរកើតឡើងទេ ហើយចិនបានដាក់ពង្រាយនាវាផ្ទុកយន្ដហោះឆ្លងកាត់ដែនទឹកភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ជាច្រើនម៉ោងមុនពេលកិច្ចចរចាចាប់ផ្ដើម។

ជាមួយគ្នា នាថ្ងៃ ព្រហស្បតិ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ឧទ្ធម្ភាគចក្រ ១គ្រឿង និង នាវាចម្បាំង ៣គ្រឿងបន្ថែមទៀត ត្រូវបានគេឃើញបង្ហាញខ្លួននៅក្នុងដែនទឹករបស់តៃវ៉ាន់ ខណៈឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹកក៏បានឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះផងដែរ។

បើទោះជាតៃវ៉ាន់ ត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីចិន អស់រយៈពេលជាង ៧០ឆ្នាំក៏ដោយ ក៏ចិននៅតែបានចាត់ទុកវាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថានឹងដណ្តើមយកវាដោយបង្ខំនៅថ្ងៃណាមួយប្រសិនបើចាំបាច់។

សូមជម្រាបថា កាលពីខែ សីហា ឆ្នាំមុន ប្រទេស ចិន បានធ្វើសមយុទ្ធដែនអាកាស និង សមុទ្រ ដ៏ធំបំផុតមិនធ្លាប់មាននៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្រ្ត អាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះនេះ៕

ប្រភព៖ CNA

Share.