ហ្វីលីពីន និង សហរដ្ឋអាមេរិក បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន នាថ្ងៃ អង្គារ សប្ដាហ៍នេះ ខណៈសម្ព័ន្ធមិត្តរបស់អាមេរិកស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងពីប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជុំវិញការទាមទារប្រជុំកោះភាគច្រើនរបស់ទីក្រុង ប៉េកាំង នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ១១ ខែ មេសា ឆ្នាំ ២០២៣។

ទាហានសរុបជិត ១៨,០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះជាភាសាហ្វីលីពីន ថា Balikatan ដែលជាសមយុទ្ធលើកដំបូងរួមគ្នា ដោយរួមបញ្ចូលទាំងសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូង ដែលទីក្រុង ប៉េកាំង ទាមទារកាន់កាប់ស្ទើរតែទាំងស្រុង។

ស​មយុទ្ធ Balikatan នឹងរាប់បញ្ចូលទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតពន្លិចនាវា និង ឧទ្ធម្ភាគចក្រយោធា ដែលចុះចតនៅលើកោះហ្វីលីពីន ស្ថិតនៅភាគខាងជើងនៃកោះ Luzon ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រពីកោះតៃវ៉ាន់។

ចំណែកអ្នកនាំពាក្យសមយុទ្ធហ្វីលីពីន លោកវរសេនីយ៍ឯក Michael Logico បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីពិធីបើកនៅឯជំរុំយោធាមួយនៅទីក្រុងម៉ានីល ថា «ដើម្បីឲ្យយើងការពារទឹកដីអធិបតេយ្យភាពរបស់យើង យើងពិតជាត្រូវតែធ្វើសមយុទ្ធ និង អនុវត្តពីរបៀបដែលយើងនឹងយកមកវិញនូវកោះមួយដែលត្រូវបានដណ្ដើមចេញពីយើង»។

គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុង ម៉ានីល និងទីក្រុង វ៉ាស៊ីនតោន បានព្រមព្រៀងគ្នាចាប់ផ្តើមការល្បាតដែនសមុទ្ររួមគ្នាឡើងវិញនៅសមុទ្រចិនខាងត្បូង ហើយបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីពន្លាតដែនទឹករបស់កងកម្លាំងអាមេរិកនៅក្នុងប្រទេសហ្វីលីពីន ដែលបានធ្វើឲ្យចិនខឹងសម្បារយ៉ាងខ្លាំង។

សូមជម្រាបថា នេះជាសមយុទ្ធយោធាលើកទី១ ដែលធ្វើឡើងក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ដែលបានព្យាយាមពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបំផ្លាញសម្ព័ន្ធភាពរវាងប្រទេសទាំង២។

សមយុទ្ធនេះធ្វើឡើងបន្ទាប់ពីប្រទេស ចិន បានបញ្ចប់ការធ្វើប្រតិបត្តិការយោធាជុំវិញកោះតៃវ៉ាន់រយៈពេល ៣ថ្ងៃ កាលពីថ្ងៃ ច័ន្ទ ខណៈប្រធានាធិបតីនៃកោះតៃវ៉ាន់បានពិពណ៌នាថាជា ការគំរាមកំហែងដល់សន្ដិសុខក្នុងតំបន់៕

ប្រភព៖ CNA

Share.