
ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ឱ្យដឹងថាមែនទែនទៅ ការចុះហត្ថលេខាលើច្បាប់ស្ដីពីធម្មនុញ្ញបន្ថែមដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតជាកញ្ចប់ទំលុះទំលាយការជាប់គាំងនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០០៣ គឺឯកឧត្តមមិនបានឆ្លងព្រះរាជតម្រិះព្រះមហាក្សត្រដែលកំពុងគង់នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិននោះឡើយ។
សូមបញ្ជាក់ថាក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី ឥស្សរជនទាំងឡាយដែលកាន់មុខតំណែងនេះ មុននឹងសម្រចចុះហត្ថលេខាលើព្រះរាជ្រក្រឹត្យ ឬព្រះរាជក្រមណាមួយ ត្រូវឆ្លងព្រះរាជតម្រិះព្រះមហាក្សត្រ។ ដោយសារកាលៈទេសៈនយោបាយដ៏តានតឹង នៅឆ្នាំ២០០៣ ឯកឧត្តម ញឹក ប៊ុនឆៃ បានឆ្លងកាត់ជីវិតមួយដែលឯកឧត្តមអះអាងថាជាមោទកភាពធំបំផុតដែលកូនកសិករក្រីក្រដូចឯកឧត្តមបានកាន់មុខតំណែងជាប្រមុខរដ្ឋស្ដីទី។
ក្នុងបទសម្ភាសន៍កម្មវិធី«តុកញ្ចក់»របស់សារព័ត៌មានត្រយង ឯកឧត្តម ញឹក ប៊ុនឆៃ បានឱ្យដឹងថាកាលណោះ បន្ទាប់ពីព្រះរាជអវត្តមានព្រះមហាក្សត្រ ឥស្សរជនត្រូវកាន់តំណែងប្រមុរដ្ឋស្ដីទី ដូចជាប្រធានព្រឹទ្ធសភា ហើយបន្ទាប់មកតាមឋានានុក្រមកំណត់ដោយច្បាប់ មានដូចជាប្រធានរដ្ឋសភា អនុប្រធានទី១ព្រឹទ្ធសភា អនុប្រធានទី១រដ្ឋសភាជាដើម សុទ្ធតែមានភាពចាំបាច់ដែលមិនអាចចុះហត្ថលេខាប្រកាសឱ្យប្រើច្បាប់ស្ដីពីធម្មនុញ្ញបន្ថែមបាន។

ដូច្នេះហើយកាលណោះឯកឧត្តម ក្នុងឋានៈជាអនុប្រធានទី២ព្រឹទ្ធសភាក៏មានឱកាសក្លាយជាប្រមុខរដ្ឋស្ដីទី និងបានសម្រេចចិត្តដោយសេចក្ដីក្លាហានចុះហត្ថលេខាប្រកាសឱ្យប្រើច្បាប់ស្ដីពីធម្មនុញ្ញបន្ថែមតែម្ដង។ ឯកឧត្តមបានមានប្រសាន៍ថា«ថ្ងៃនេះខ្ញុំសូមនិយាយចុះ កាលណោះខ្ញុំមានសេចក្ដីក្លាហានចុះហត្ថលេខាតែម្ដង ខ្ញុំសម្រេចចិត្តមិនទូលថ្វាយសុំព្រះរាជតម្រិះទេ ព្រោះខ្ញុំដឹងថានឹងមិនអាចចេញច្បាប់នេះបានឡើយ»។
គួររម្លឹកថាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៣ គណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោតនាពេលនោះ មិនអាចស្វែងរកសំឡេងក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលបានឡើយ ដោយសារច្បាប់តម្រូវឱ្យមានសំឡេង២ភាគ៣ដើម្បីបង្កើតរាជរដ្ឋាភិបាល។ តាមរយៈច្បាប់ស្ដីពីធម្មនុញ្ញបន្ថែម ការបោះឆ្នោតជាកញ្ចប់មួយក៏ត្រូវបានធ្វើឡើង ហើយទីបំផុតការជាប់គាំងនយោបាយក៏ត្រូវបានបញ្ចប់តែម្ដង។
ដើម្បីលម្អិតព័ត៌មាននេះ និងរឿងរ៉ាងផ្សេងៗទៀតពាក់ព័ន្ធនឹងឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួមជាតិ សូមរង់ចាំទស្សនាកិច្ចសម្ភាសន៍ក្នុងកម្មវិធី«តុកញ្ចក់»របស់សារព័ត៌មានត្រយង នាថ្ងៃព្រហស្បតិ៍ទី១ ខែមិថុនា ឆ្នាំ២០២៣ ចាក់ផ្សាយនាម៉ោង១០ ដល់ម៉ោង១១ព្រឹក និងចាក់ផ្សាយម្ដងទៀតនាម៉ោង៩ដល់ម៉ោង១០ព្រឹកថ្ងៃអាទិត្យ៕