ប៉ូលិសហ្វីលីពីន គាំទ្រដោយកងកុម្ម៉ង់ដូ បានចាប់ផ្តើមការវាយឆ្មក់ដ៏ធំមួយកាលពីថ្ងៃអង្គារ ហើយបាននិយាយថា ពួកគេបានជួយសង្គ្រោះមនុស្សជាង ២,៧០០នាក់មកពីប្រទេសចិន ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី និងប្រទេសជាច្រើនទៀត ដែលត្រូវបានចោទប្រកាន់ថា បានបោកបញ្ឆោតឲ្យធ្វើការសម្រាប់គេហទំព័រហ្គេមអនឡាញក្លែងក្លាយ និងក្រុមឧក្រិដ្ឋកម្មតាមអ៉ីនធឺណិតផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃ អង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ចំនួនជនរងគ្រោះពីការជួញដូរមនុស្សដែលត្រូវបានជួយសង្គ្រោះពីអគារចំនួន៧ នៅក្នុងទីក្រុង Las Pinas ក្នុងទីក្រុងម៉ានីល និងទំហំនៃការវាយឆ្មក់របស់ប៉ូលីសនៅពេលយប់គឺមានចំនួនច្រើនបំផុតរហូតមកដល់ពេលនេះ ហើយបានបង្ហាញពីរបៀបដែលប្រទេសហ្វីលីពីន បានក្លាយជាមូលដ្ឋានប្រតិបត្តិការដ៏សំខាន់សម្រាប់ក្រុមឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត។

ការបោកប្រាស់តាមប្រព័ន្ធអ៉ីនធឺណិត បានក្លាយជាបញ្ហាចម្បងមួយនៅក្នុងទ្វីបអាស៊ី ជាមួយនឹងរបាយការណ៍នៃមនុស្សមកពីក្នុងតំបន់ និង លើសពីនេះត្រូវបានទាក់ទាញឲ្យទៅធ្វើការនៅក្រៅប្រទេសដូចជា៖ ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ កម្មករទាំងនេះភាគច្រើនរកឃើញថា ពួកគេជាប់នៅក្នុងទាសភាពនិម្មិត ហើយត្រូវបានបង្ខំឲ្យចូលរួមក្នុងការបោកប្រាស់ដែលផ្តោតលើមនុស្សតាមប្រព័ន្ធអ៉ីនធឺណិត។

កាលពីខែឧសភា មេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីរឹតបន្តឹងការគ្រប់គ្រងព្រំដែន, ការអនុវត្តច្បាប់ និងពង្រីកការអប់រំសាធារណៈដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជនដែលធ្វើចរាចរណ៍ទៅកាន់ប្រទេសផ្សេងទៀត ដែលពួកគេត្រូវបានបង្កើតឡើងដើម្បីចូលរួមក្នុងការក្លែងបន្លំតាមប្រព័ន្ធអ៉ីនធឺណិត។

ឧត្តមសេនីយ Sydney Hernia ដែលជាប្រធានអង្គភាពប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធឺណិតរបស់ប៉ូលីសជាតិហ្វីលីពីន បាននិយាយថា ប៉ូលីសមានដីកា បានឆ្មក់ចូល និង ឆែកឆេរអគារមួយចំនួនទាំងកណ្តាលអធ្រាត្រក្នុងទីក្រុង Las Pinas ហើយបានជួយសង្គ្រោះប្រជាជនហ្វីលីពីនចំនួន ១​​,៥៣៤នាក់ និងជនបរទេសចំនួន ១,១៩០នាក់ មកពីប្រទេសយ៉ាងហោចណាស់ចំនួន១៧ ដែលក្នុងនោះមានជនជាតិចិន ចំនួន៦០៤នាក់, វៀតណាម ចំនួន១៨៣នាក់, ឥណ្ឌូនេស៊ី ចំនួន១៣៧នាក់, ម៉ាឡេស៊ីចំនួន១៣៤នាក់ និងថៃចំនួន៨១នាក់។ ក្នុងនោះក៏មានប្រជាជនមួយចំនួនមកពីប្រទេសមីយ៉ាន់ម៉ា ប៉ាគីស្ថាន យេម៉ែន សូម៉ាលី ស៊ូដង់ នីហ្សេរីយ៉ា និងតៃវ៉ាន់ផងដែរ។

យ៉ាងណាម៉ិញ គេ​មិន​ទាន់​ដឹង​ច្បាស់​ទេថា ​តើ​មេដឹកនាំ​ក្រុម​ប៉ុន្មាន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ។ ប៉ូលិសបាននិយាយថា ពួកគេបានឆ្មក់ចូលមូលដ្ឋានដែលសង្ស័យថាមានឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត នៅកំពង់ផែ Clark ក្នុងទីក្រុង Mabalacat ក្នុងខេត្ត Pampanga ភាគខាងជើងនៃទីក្រុងម៉ានីលក្នុងខែឧសភា ជាកន្លែងដែលពួកគេបានធ្វើការឃុំឃាំងកម្មករហ្វីលីពីន និងជនបរទេសជិត ១,៤០០នាក់ ដែលត្រូវបានចោទប្រកាន់ថាបង្ខំឲ្យអនុវត្តការបោកប្រាស់រូបិយប័ណ្ណតាមប្រព័ន្ធអេឡិចត្រូនិក។

កម្មករមួយចំនួនបានប្រាប់អ្នកស៊ើបអង្កេតថា នៅពេលពួកគេព្យាយាមលាឈប់ ពួកគេត្រូវបានបង្ខំឲ្យបង់ប្រាក់យ៉ាងច្រើនដោយហេតុផលមិនច្បាស់លាស់ ឬក៏មានការភ័យខ្លាចថា ពួកគេអាចនឹងត្រូវបានលក់ទៅឲ្យក្រុមហ៊ុនផ្សេងទៀត ប៉ូលីសបាននិយាយថា កម្មករក៏ត្រូវបានបង្ខំឲ្យបង់ប្រាក់ពិន័យផងដែរ សម្រាប់ការបំពាននៅពេលបំពេញការងារ។

មន្ត្រីបាននិយាយថា កម្មករទាំងអស់ត្រូវបានទាក់ទាញជាមួយនឹងការផ្ញើសារអំពីអត្ថប្រយោជន៍នៃការផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់ និងលក្ខខណ្ឌការងារដ៏ល្អនៅក្នុងការផ្សាយពាណិជ្ជកម្មតាមរយៈ Facebook ដើម្បីមកធ្វើការនៅប្រទេសហ្វីលីពីន «ដើម្បីស្វែងរកអ្នកលេងហ្គេមអនឡាញ» ប៉ុន្តែក្រោយមកបានរកឃើញថា ការសន្យានោះគឺជារឿងប្រឌិត។

ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីឥណ្ឌូណេស៊ី លោក Muhammad Mahfud ដែលដោះស្រាយបញ្ហានយោបាយ ច្បាប់ និងសន្តិសុខ បានប្រាប់អ្នកយកព័ត៌មានកាលពីខែឧសភាថា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀតនៅក្នុងតំបន់បានជួបការលំបាកក្នុងការធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ា លើឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធឺណិត និងជនរងគ្រោះ។

លោក Mahfud បាននិយាយថា អាស៊ានចាំបាច់ត្រូវធ្វើឲ្យមានការវិវឌ្ឍន៍លើសន្ធិសញ្ញាបត្យាប័នក្នុងតំបន់ដែលបានស្នើឡើងជាយូរមកហើយ ដែលនឹងជួយឲ្យអាជ្ញាធរកាត់ទោសជនល្មើសកាន់តែលឿន និងទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធឺណិត។

ជុំវិញបញ្ហានេះ ការព្រួយបារម្ភជាអន្តរជាតិបាននឹងកំពុងកើនឡើង ពាក់ព័ន្ធនឹងការបោកបញ្ឆោតតាមអ៉ីនធឺណិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជារឿយៗជនរងគ្រោះនៃការជួញដូរដែលត្រូវបានបោកបញ្ឆោត ឬ បង្ខិតបង្ខំឲ្យលើកកម្ពស់ការវិនិយោគគ្រីបតូក្លែងក្លាយ៕

ប្រភព៖ CNA

Share.