ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា តៃវ៉ាន់បានមើលឃើញនាវាចម្បាំងរុស្ស៊ី ២គ្រឿង ដែលកំពុងធ្វើដំណើរចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហើយបានដាក់ពង្រាយនាវាស៊ើបការណ៍ និងយន្តហោះចម្បាំង ដើម្បីសកម្មភាពនាវាច្បាំងរុស្ស៊ីទាំង២គ្រឿងនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ នាវាចម្បាំងរុស្ស៊ីទាំង ២គ្រឿង ត្រូវបានគេរកឃើញថាកំពុងធ្វើដំណើរពីត្បូង ឆ្ពោះទៅភាគខាងជើងក្នុងដែនទឹកក្បែរតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ នៅម៉ោងប្រហែល ១១យប់ (ម៉ោងក្នុងស្រុក)។

យោធាតៃវ៉ាន់បានតាមដានសកម្មភាពនាវាចម្បាំងទាំងនេះ និង បានបញ្ជូនយន្តហោះចម្បាំង នាវាចម្បាំង ដើម្បីតាមឃ្លាំមើល។ ក្រសួង​មិន​បាន​បញ្ជាក់​ថា ​តើ​នាវា​ចម្បាំង​រុស្ស៊ីស្ថិតនៅចម្ងាយប៉ុន្មានពីតំបន់ឆ្នេរ​សមុទ្ររបស់​តៃវ៉ាន់នោះទេ​។

ទោះបីជាយ៉ាងណាក៏ដោយ វត្តមានរបស់នាវាចម្បាំងរុស្ស៊ី គឺមិនធម្មតាទេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Interfax បានរាយការណ៍កាលពីថ្ងៃអង្គារថា «ការពង្រាយនាវាចម្បាំងនៃកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី បានចូលទៅក្នុងសមុទ្រហ្វីលីពីនបន្ទាប់ពីឆ្លងកាត់សមុទ្រចិនខាងត្បូង»។

សូមជម្រាបថា តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​បានរាយការណ៍​អំពី​វត្តមាន និង​សកម្មវភាពយន្ដហោះចម្បាំង រួមទាំង​នាវាចម្បាំង​ចិន ​នៅក្បែរ​ដែនទឹក​របស់ខ្លួន​ជារឿយៗ ហើយនេះ គឺជាកម្របំផុតដែលតៃវ៉ាន់អះអាងពីវត្តមាននាវាចម្បាំងរុស្ស៉ី ខណៈតៃវ៉ាន់ក៏បានចូលរួមជាសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ដទៃក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ជុំវិញសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែនផងដែរ ៕

ប្រភព៖ CNA

Share.