ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះបាននិយាយថា ព្យុះទីហ្វុងដ៏ខ្លាំងមួយបានបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសហ្វីលីពីន នាថ្ងៃអង្គារ សប្ដាហ៍នេះ ជាហេតុជំរុញឲ្យមានការបញ្ជាការជម្លៀសប្រជាជនដែលរស់នៅសហគមន៍តាមឆ្នេរសមុទ្រដែលគេរំពឹងថា នឹងទទួលរងនូវឥទ្ធិពលនៃព្យុះដ៏ខ្លាំងក្លានេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃអង្គារ ទី២៥ ខែកក្កដ ឆ្នាំ២០២៣។

ទីភ្នាក់ងារនេះបាននិយាយថា ព្យុះទីហ្វុង Doksuri កំពុងប្រមូលផ្ដុំកម្លាំងខ្យល់ក្នុងល្បឿនអតិបរមា ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈវាបានធ្វើដំណើរឆ្ពោះទៅកាន់ប្រជុំកោះចំនួន៣ នៅចុងភាគខាងជើងនៃកោះ Luzon របស់ប្រទេសហ្វីលីពីន។

ព្យុះដែលត្រូវបានគេហៅថា «Egay» ឬ «Doksuri» នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងបោកបក់ ឬឆ្លងកាត់យ៉ាងកៀកខ្លាំងទៅកាន់ប្រជុំកោះ Babuyan ឬខេត្ត Cagayan នៅភាគឦសាន នារសៀលថ្ងៃពុធ សប្ដាហ៍នេះ។ បន្ទាប់មក វា​នឹង​វាយលុក​ទៅ​តៃវ៉ាន់ និង​ភាគ​ខាងកើត​ប្រទេស​ចិន​។

ព្យុះនេះត្រូវបានគេរំពឹងថា នឹងធ្វើឲ្យមានភ្លៀងធ្លាក់ ហើយនាំមកនូវទឹកភ្លៀងកម្រិតច្រើនជាង២០០មីលីម៉ែត្រ នៅលើកោះ Babuyan និងផ្នែកភាគខាងជើងនៃខេត្ត Cagayan, ខេត្ត Apayao និងខេត្ត Ilocos Norte នៅថ្ងៃអង្គារនេះ។ កោះចំនួន៣ ក្នុងចំណោមកោះទាំង៥ នៅទីប្រជុំកោះ Babuyan មានប្រជាជនរស់នៅសរុបប្រហែល ២០,០០០ នាក់។

ទន្ទឹមនោះ មន្ត្រីគ្រោះមហន្តរាយក្នុងតំបន់ លោក Charles Castillejos បាននិយាយថា សហគមន៍ឆ្នេរសមុទ្រនៅលើកោះត្រូវបានបញ្ជាឲ្យចាកចេញពីផ្ទះរបស់ពួកគេ ខណៈដែលអ្នកនេសាទត្រូវបានប្រាប់ឲ្យយកទូករបស់ពួកគេចេញពីផ្ទៃទឹក ដើម្បីបញ្ជៀសគ្រោះថ្នាក់ ឬ ការខូចខាតធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ នៅមានប្រជាជនមួយចំនួននៅមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធទេ។

ជាមួយគ្នា ទីភ្នាក់ងាឧតុនិយមបានព្រមានថា ខ្យល់ព្យុះនេះអាចមានកម្ពស់លើសពី ៣ម៉ែត្រ ហើយអាចវាយប្រហារតំបន់ទំនាបមួយចំនួនផងដែរ។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងកើតមានពាសពេញខេត្តភាគខាងជើងនៃតំបន់ភ្នំ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយទំនងជាមានការបាក់ដីថែមទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិទ្យាសាស្ត្របានព្រមានថា ព្យុះបែបនេះដែលសម្លាប់សត្វពាហនៈ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ ហើយវាកាន់តែមានឥទ្ធិពលខ្លាំងឡើង នៅពេលដែលពិភពលោកប្រែប្រួលអាកាសធាតុញឹកញាប់ ជាពិសេសការឡើងកំដៅកាន់តែក្តៅ។

សូមជម្រាបថា ប្រទេសហ្វីលីពីនរងការវាយប្រហារដោយព្យុះធំៗ ចំនួន២០ ជារៀងរាល់ឆ្នាំ ដែលសម្លាប់មនុស្សរាប់រយនាក់ និងបណ្ដាលឲ្យតំបន់មួយចំនួនធំស្ថិតនៅក្នុងភាពក្រីក្រជារៀងរហូត៕

ប្រភព៖ CNA

Share.