ខេត្តព្រះសីហនុ៖ មនុស្សម្នាក់ស្លាប់ និងរងបួសចំនួន០៦នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ជាអ្នកបើកបរទូក នៅក្នុងហេតុការគ្រោះឆេះទូកឈើមួយគ្រឿងនៅកណ្តាលសមុទ្រកាលពី វេលាម៉ោង១០កន្លះព្រឹកថ្ងៃទី២១ ខែកក្តដាឆ្នាំ២០២១ ស្ថិតនៅចំណុចចន្លោះ ផែសហគមន៍ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
យោងតាមប្រភពមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង បានឱ្យដឹងថា ទូកដែលឆេះនេះជាទូកដឹកបន្លែទំហំទទឹង៣.៤ម៉ែត្របណ្តោយ១៣ម៉ែត្រ ម៉ាស៊ីន១៣០សេសេ។ ម្ចាស់ទូកឈ្មោះ រត្ន័ ឧត្តម ភេទប្រុស អាយុ២៦ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
សមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថា តាមចម្លើយពីអ្នកបើកបរទូក បានអះអាងថា នៅលេីទូកមានមនុស្សចំនួន១១នាក់ ស្រី០៥នាក់ មានទាំងមនុស្សចាស់និងក្មេងតូចផង បានចេញដំណេីរពីផែសហគមន៍ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឆ្ពោះទៅផែ៥២ ក្នុងសង្កាត់១ ក្រុងព្រះសីហនុ លុះដល់កន្លែងកេីតហេតុ ម៉ាស៊ីនបានធ្លាយទុយោេប្រងប៉ះនឹងបំពង់ស៊ីម៊ាំងម៉ាស៊ីនទូកបណ្តាលឱ្យមានភ្លេីងឆាបឆេះជាអគ្គិភយ័ ក្រោយមកទូកក៏បានលិចចូលក្នុងសមុទ្រ។
ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ (ឈ្មោះហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង) និងរងបួសចំនួន០៦នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ជាអ្នកបើកបរទូក ។
ពេលកើតហេតុភ្លាមៗ ក៍មានការជួយសង្គ្រោះពីអូបរ័ល្បឿនលឿន ដែលនៅជិតដឹកជញ្ជូនជនរងគ្រោះមកកាន់ដីគោក និងការជួយសង្គ្រោះ ពីសមត្ថកិច្ច និងប្រជាពលរដ្ឋបន្ថែមទៀត នាំយកអ្នករងបួសមកមន្ទីរពេទ្យ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អត្ថបទ៖ ភ្នាក់ងារខេត្តព្រះសីហនុ