ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា Cambodian Premier League 2023 ភ្នំពេញក្រោន នឹងតំណាងឱ្យកម្ពុជា ចូលរួមប្រកួតពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup 2023-24 ប៉ុន្តែក្នុងនាមជាម្ចាស់ផ្ទះក្រុមនៅរាជធានីភ្នំពេញ មួយនេះអាចលក់សំបុត្រអោយអ្នកគាំទ្របានតែនៅតំបន់ RSN Stand (តំបន់មានកៅអី) ប៉ុណ្ណោះ ចំណែក៣ផ្នែកផ្សេងទៀតមិនទាន់ស្របតាមការកំណត់ របស់សហព័ន្ធបាល់ទាត់អាស៊ី (AFC)។
សេចក្តីបញ្ជាក់របស់ក្លិបភ្នំពេញក្រោន លើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ពោលគឺ២ថ្ងៃមុនការប្រកួត ក្លិបបញ្ជាក់ថា៖«សំបុត្រទស្សនាការប្រកួត AFC Cup 2023-24 រវាងក្រុមភ្នំពេញក្រោន និងក្រុម Young Elephants មានចំនួនកំណត់ត្រឹមតែ RSN Stand (តំបន់មានកៅអី) តែប៉ុណ្ណោះ»។
អត្ថបទពាក់ព័ន្ធ៖សមាជិកលីគកំពូលកម្ពុជា ទាំងអស់ទទួលបានអាជ្ញាបណ្ឌពីសហព័ន្ធបាល់ទាត់អាស៊ីជាប្រវត្តិសាស្រ្ត
សំបុត្រនៃការប្រកួតនេះបានដាក់លក់នៅ៖
១. លើ App របស់ LIVE. by Wonderpass (សម្រាប់អ្នកដែលបានទិញសំបុត្រប្រភេទទី២រួចហើយគឺនឹងត្រូវប្តូរទៅប្រភេទទី១ វិញដោយមិនទាមទារការចំណាយបន្ថែមនោះទេ)
២. កីឡដ្ឋាន ស្មាត អ អេស អិន Smart RSN Stadium ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩.០០ ព្រឹក
ក្លិបបានបញ្ជាក់ពីមូលហេតុដែលខ្លួនមិនអាចលក់សំបុត្រនៅ៣ច្រកជុំវិញកីឡដ្ឋាន Smart RSN ថា៖«ការកំណត់នេះដោយសារតែ AFC មានលក្ខខណ្ឌតម្រូវឲ្យក្លិបម្ចាស់ផ្ទះត្រូវមានរចនាសម្ព័ន្ធគ្រប់គ្រាន់ ខណៈដែល ភ្នំពេញក្រោន បានបញ្ជាទិញកៅអីសម្រាប់បំពាក់នៅ Stand ទាំងបីទៀតរួចរាល់ហើយប៉ុន្តែមិនទាន់អាចដំឡើងបានទាន់ពេលវេលានោះទេ»។
អត្ថបទពាក់ព័ន្ធ៖AFC Cup៖ ភ្នំពេញក្រោន ប៉ះ Young Elephants របស់ឡាវ ខណៈTampines Rovers អង្គុយចាំ
ភ្នំពេញក្រោន ត្រូវបើកទ្វាកីឡដ្ឋាន Smart RSN របស់ខ្លួនទទួលក្រុម Young Elephants ម្ចាស់ជើងឯកលីគកំពូលឡាវ រដូវកាលឆ្នាំ២០២២ នៅវេលាម៉ោង៦ល្ងាចថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ ក្នុងវគ្គ Preliminary round 2 ប្រចាំតំបន់អាស៊ាន។ អ្នកឈ្នះមានឈ្មោះឡើងទៅជួបក្រុម Tampines Rovers របស់សិង្ហបុរី ក្នុងវគ្គPlay-off round មុនឡើងដល់វគ្គចែកពូល៕