ក្រុមបាល់ទាត់ភ្នំពេញក្រោន ដែលជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2022 នឹងតំណាងឱ្យកម្ពុជា ចូលរួមប្រកួតពានរង្វាន់ជើងឯកកម្រិតទី២ប្រចាំទ្វីបអាស៊ី គឺ AFC Cup រដូវកាលឆ្នាំ២០២៣-២៤ ក្នុងកូតាវគ្គជម្រុះបឋម។
វគ្គជម្រុះបឋមប្រចាំតំបន់អាស៊ាន នេះហៅថា Preliminary ដែលមាន២គូ ត្រូវប្រកួតនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះ៖
គូទី១៖ ភ្នំពេញក្រោន (កម្ពុជា) ប៉ះ Young Elephants (ឡាវ)
គូទី២៖ Yangon United (មីយ៉ាន់ម៉ា) ប៉ះ Kasuka (ប្រ៊ុយណេ)
វគ្គជម្រុះ Play Off Round នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយ៖
គូទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ អ្នកឈ្នះរវាង ភ្នំពេញក្រោន និងYoung Elephants
គូទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ អ្នកឈ្នះរវាង Yangon United និង Kasuka
ដូច្នេះក្រុមដែលឈ្នះនៅវគ្គ Play Off Round ទាំង២ក្រុមនឹងត្រូវឡើងទៅចូលរួមជាមួយក្រុមចំនួន១០ដែលអង្គុយចាំ ចាប់ឆ្នោតចូលក្នុង៣ពូលផ្សេងគ្នាប្រចាំតំបន់អាស៊ាន។ ក្រុមដែលអង្គុយចាំក្នុងវគ្គចែកពូលប្រចាំតំបន់អាស៊ាន ទាំង១០ក្រុមនាពេលបច្ចុប្បន្ននោះមាន៖
-វៀតណាម៖ Hai Phong ឬ Hoang Anh Gia Lai
-ហ្វីលីពីន៖ Dynamic Herb Cebu និង Stallion
-ម៉ាឡេស៊ី៖ Terengganu និងSabah
-អូស្ត្រាលី៖ Macarthur និងCentral Coast Mariners
-សិង្ហបុរី៖ Hougang United
-ឥណ្ឌូណេស៊ី៖ Bali Utd ឬ Persija
-មីយ៉ាន់ម៉ា៖ Shan United
តាមគម្រោងនៃការប្រកួតពានរង្វាន់ AFC Cup ក្នុងតំបន់អាស៊ាន ក្រុមដែលឈរលេខ១ ទាំង៣ពូលនិងលេខ២ល្អជាងគេ១ក្រុម (ធៀបក្នុងពូលទាំង៣) មានឈ្មោះឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រចាំតំបន់ និងបន្តរកក្រុមខ្លាំងក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីតំណាងតំបន់អាស៊ាន ចេញទៅប្រកួតជាមួយក្រុមខ្លាំងៗ មកពីតំបន់ផ្សេងទៀតក្នុងទ្វីបអាស៊ី។
ពានរង្វាន់ AFC Cup 2023-24 មានក្រុមចូលរួមចំនួន៦៥ក្រុមមកពី៣៧ប្រទេស ក្នុង៥តំបន់ (Zone) ដែលជាសហព័ន្ធសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី ដោយត្រូវប្រកួតពីវគ្គជម្រុះបឋមរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី៥ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។
ក្រុមទាំង៦៥ ជ្រើសរើសចេញពីតំបន់អាស៊ីខាងលិច ចំនួន១២ប្រទេស, អាស៊ីខាងត្បូង ៧ប្រទេស, អាស៊ីកណ្ដាល ៦ប្រទេស, អាស៊ីភាគអាគ្នេយ៍ (អាស៊ាន) ១២ប្រទេស និងអាស៊ីខាងកើត១០ប្រទេស។ និយាយឱ្យច្បាស់នោះ សម្រាប់កូតារបស់កម្ពុជា ត្រូវប្រកួតជម្រុះក្នុងតំបន់អាស៊ាន សិន ទើបមានឱកាសទៅប្រកួតជាមួយក្រុមខ្លាំងមកពីតំបន់ផ្សេងចំនួន៤ផ្សេងទៀត។
ពានរង្វាន់ AFC Cup ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី បង្កើតឡើងតាំងពីឆ្នាំ២០០៤ មកម៉្លេះ ខណៈក្រុមAl-Quwa Al-Jawiya (អ៊ីរ៉ាក់) និង Al-Kuwait (គុយវ៉ែត) ជាក្រុមឈ្នះពានបានច្រើនជាងគេចំនួន៣លើកដូចគ្នា ហើយក្រុមAl-Seeb (អូម៉ង់) ជាម្ចាស់ជើងឯកឆ្នាំចាស់ ២០២២ កន្លងទៅ៕