ខេត្តព្រះសីហនុ-សមត្ថកិច្ចចាប់បានជនសង្ស័យប្រមាណជា ៤នាក់ ដែលជាជនជាតិចិន បានប៉ុនប៉ងជម្រិតជនជាតិចិនដូចគ្នា កាលពីថ្ងៃទី ២៣ កក្កដា ២០២១នេះ។ ករណីនេះ សមត្ថកិច្ចបានបញ្ជូនទៅកាន់តុលាការហើយ បន្ទាប់ពីធ្វើការសាកសួរ អស់រយៈពេល ៤៨ម៉ោងរួចមក។ 

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា  នគរបាលជំនាញបង្ក្រាបបានករណី ជនជាតិចិនមួយក្រុម ចាប់ជនជាតិចិនដូចគ្នាដាក់ចូលក្នុងរថយន្ត ។ 

លោកឧត្តមសេនីយទោ ជួន ណារិន

លោកស្នងការខេត្ត បានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ៤០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានព័ត៍មានថា មានជនជាតិចិនមួយក្រុម បានចាប់ជនជាតិចិនម្នាក់ ភេទប្រុស ចូលរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AZ-9381 នៅចំណុចលើផ្លូវក្បែរកាស៊ីណូ ប៉ាវទូ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ រួចជិះឆ្ពោះទៅរង្វង់មូលត្រីដូហ្វីន ។ បន្ទាប់ពីទទួលបានព័ត៍មាននេះភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការគ្នា ដេញតាមចាប់ជនសង្សយ័រហូតដល់ចំណុចផ្លូវបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ទើបឃាត់បានរថយន្តខាងលើ ព្រមទាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ០៤នាក់ និងរំដោះបានជនរងគ្រោះ ០១នាក់ ជាជនជាតិចិន ភេទប្រុស ។   

ជនរងគ្រោះឈ្មោះ ZHANG TAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បើកកន្លែងផលិតទឹកបរិសុទ្ធ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ចំណែកជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ LAI XING YONG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

២-ឈ្មោះ JIA YONG SHENG ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាដក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។

៣-ឈ្មោះ HUANG YOU TAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

៤-ឈ្មោះ ZHANG KE WEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះវត្ថុតាងចាប់យកបានរួមមាន រថយន្ត ០១គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AZ-9381 ។ ចំពោះករណីនេះ នគរបាលកំពុងបន្តនីតិវិធី តាមផ្លូវច្បាប់៕

ជនសង្ស័យទាំង៤នាក់ ជាជនជាតិចិន

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាជនជាតិចិន នៃក្រុមចាប់ជំរិត នៅខេត្តព្រះសីហនុ សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ភ្នាក់ងារខេត្តព្រះសីហនុ

Share.