យោធារបស់ប្រទេសចិន បានបញ្ជូនយន្តហោះចម្បាំងចំនួន ១០៣គ្រឿង ទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល ២៤ម៉ោង នៅក្នុងអ្វីដែលក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើសកម្មភាពហោះហើរនៅក្បែរកោះតៃវ៉ាន់ជាប្រចាំថ្ងៃក្នុងរយៈពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថា យន្តហោះទាំងនោះត្រូវបានគេឃើញនៅចន្លោះម៉ោង ៦ព្រឹកថ្ងៃអាទិត្យ និងម៉ោង៦ព្រឹកថ្ងៃចន្ទ។

ប្រទេសចិន ដែលទាមទារតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំកាន់តែខ្លាំងឡើងនៅលើអាកាស និងដែនទឹកជុំវិញកោះតៃវ៉ាន់ ខណៈដែលភាពតានតឹងបានកើនឡើងរវាងប្រទេសទាំង២ និងជាមួយសហរដ្ឋអាមេរិក។

កន្លងទៅសហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់អាវុធសំខាន់របស់តៃវ៉ាន់ និងគាំទ្ររាល់ការប្រឆាំងនៃការប៉ុនប៉ងផ្លាស់ប្ដូររបស់តៃវ៉ាន់ដោយកងកម្លាំង។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំងចិនទាំងនេះមានចំនួន ៤០គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនិមិត្តរូបរវាងចិនដីគោក និងកោះនេះ ជាមួយនាវាកងទ័ពជើងទឹកចំនួន៩ ក្នុងរយៈពេល ២៤ម៉ោងមកនេះ។

ជាមួយគ្នា ក្រសួងការពារជាតិតៃវ៉ាន់បានហៅសកម្មភាពរបស់យោធាចិនថា «ការយាយី» ដែលខ្លួនបានព្រមានថា អាចកើនឡើងក្នុងបរិយាកាសតានតឹងនាពេលបច្ចុប្បន្ន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា «យើងជំរុញឱ្យអាជ្ញាធរទីក្រុងប៉េកាំង ទទួលខុសត្រូវ ហើយបញ្ឈប់ជាបន្ទាន់នូវសកម្មភាពយោធាបំផ្លិចបំផ្លាញបែបនេះ»។

ប្រទេសចិនកាលពីសប្តាហ៍មុន បានបញ្ជូននាវាជាច្រើនគ្រឿង រួមទាំងនាវាផ្ទុកយន្តហោះ Shandong ចូលទៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់។ សមយុទ្ធនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិក និងកាណាដាបានបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាដែនទឹកដែលបំបែកកោះនេះចេញពីដីគោក។

យ៉ាងណាម៉ិញ សកម្មភាព​ថ្មីៗ​នេះ ​អាច​ជា​ការ​ប៉ុនប៉ង​ដើម្បី​បំបាក់​ការបោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​ក្នុង​ខែមករា។ គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ដែល​កំពុង​កាន់​អំណាច ​ដែល​ងាក​ទៅ​រក​ឯករាជ្យ​ភាព​ជា​ផ្លូវ​ការ​សម្រាប់​កោះ​នេះ គឺ​ជា​ការ​ប្រមាថ​ដល់​រដ្ឋាភិបាល​ចិន៕

ប្រភព៖ AP News

Share.