ប៉ូលិសក្នុងប្រទេសថៃ កាលពីថ្ងៃច័ន្ទ បានឆ្មក់ចូលផ្ទះរបស់អគ្គស្នងការរងនគរបាលជាតិមួយរូប នៅទីក្រុងបាងកក ដែលជាសកម្មភាពមួយត្រូវបានគេតវ៉ាថា មានគោលបំណងបង្ខូចកិត្តិយស ដោយសារតែ “នយោបាយនៅក្នុងស្ថាប័នប៉ូលីសថៃ»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ឧត្តម​សេនីយ៍​ទោ ស៊ូរ៉ា​ឆាត ហាក់ផាន (Surachate Hakparn) ដែលមានរហ័សនាមថា Big Joke គឺ​ជា​អ្នក​ប្រជែងយកតំណែងអគ្គស្នងការនគរបាលជាតិថៃ ១រូប ក្នុងចំណោមអគ្គស្នងការរងនគរបាលជាតិទាំង៤ របស់ប្រទេស ដែលគេរំពឹងថា នឹងស្វែងរកអ្នកណាម្នាក់មកកាន់តំណែងនេះក្នុងពេលឆាប់ៗ។

លោក ទ្រីរុង ភីផាន (Trairong Phiwpan) មេបញ្ជាការនៃការិយាល័យកិច្ចការច្បាប់ និងវិវាទរបស់កងកម្លាំង បាននិយាយថា ការឆែកឆេរនៅផ្ទះដែលលោក Surachate គឺជាផ្នែកមួយនៃការស៊ើបអង្កេត បន្ទាប់ពីមានការបង្ក្រាបបណ្តាញដ៏ធំនៃប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់តាមអ៉ីនធឺណិត។ កាល​ពី​ខែ​មិថុនា និងខែ​កក្កដា មនុស្ស​ ៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ករណី​នេះ។

មេបញ្ជាការនៃការិយាល័យកិច្ចការច្បាប់ និងវិវាទរបស់កងកម្លាំង រូបនេះបន្ត​ថា ដីកា​ចាប់​ខ្លួន​ត្រូវ​បាន​ចេញ​សម្រាប់តាមចាប់​មនុស្ស ២៣ នាក់​ផ្សេង​ទៀត ​រួម​មាន​មន្ត្រី​ប៉ូលិស ​៨​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ ​ដែលលោក Surachat ទទួល​ស្គាល់​ថា​ ជា​អ្នក​នៅក្រោម​បង្គាប់​របស់​លោក។ ប៉ុន្ដែលោក Surachat ខ្លួន​ឯង​មិន​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ក្នុង​ដីកា និង​មិន​ត្រូវ​បាន​ចាប់​ខ្លួនទេ។

លោក Trairong បន្ថែមថា មន្ត្រីដែលត្រូវបានចាប់ខ្លួនមួយចំនួន ត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុង «ការត្រួតត្រា និងគ្រប់គ្រង» គេហទំព័រទាំង១២ ដែលពាក់ព័ន្ធនឹងបណ្តាញល្បែងស៊ីសងខុសច្បាប់ដែលគេចោទប្រកាន់។

លោកបាននិយាយថា មនុស្សសរុបចំនួន ១៧នាក់ត្រូវបានចាប់ខ្លួននៅពេលការវាយឆ្មក់ក្នុងពេលដំណាលគ្នាកាលពីថ្ងៃចន្ទ នៅទីតាំងចំនួន៣០ នៅទូទាំងប្រទេស។

​​​ក្រោយពីមានការឆ្មក់ចូលឆែកឆេរផ្ទះរួច ឧត្តសេនីយ៍ទោ​​​ Surachat បានប្រាប់អ្នកសារព័ត៌មានថា លោកគ្មានកំហុសអ្វីទាំងអស់។ លោក​បាន​ប្រកាស​ថា ​លោកជឿជាក់​លើ​សមាជិក​ក្រុម​របស់​លោក ប៉ុន្តែ​ក៏​បាន​និយាយ​ថា លោកនឹង​មិន​ជួយ​អ្នក​ណា​ដែល​ត្រូវ​បាន​គេ​បង្ហាញ​ថា​ បាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុស​ច្បាប់​នោះ​ទេ។

នៅ​ពេល​សួរ​ថា តើ​ការ​ឆែកឆេរ​ផ្ទះ​របស់​លោក​អាច​ពាក់ព័ន្ធ​នឹង​ការ​តែងតាំងអគ្គស្នងការនគរបាល​ជាតិ​ថ្មី​ដែល​ជិត​ផុតអាណត្តិ​ឬ​អត់​នោះ លោក Surachate បាន​ឆ្លើយ​ថា «ខ្ញុំ​នឹង​ឲ្យ​អ្នក​យក​ព័ត៌មាន​គិត​ដោយ​ខ្លួន​ឯង អំពី​ពេល​វេលា​នៃ​ការ​វាយ​ឆ្មក់បែបនេះ»។ លោក Surachat ​ក៏​បាន​និយាយ​ដែរ​ថា «លោក​ជឿ​ថា​ដីកា​ដែល​បានចុះមកឆែកឆេរ​នៅ​ផ្ទះ​របស់លោក​ គួរតែ​បាន​ទទួលការ​បោក​បញ្ឆោត។ ប្រហែលជាខ្ញុំបានធ្វើការលើករណីជាច្រើន ហើយវាអាចប៉ះពាល់ដល់មនុស្សជាច្រើននៅក្នុងសង្គម។ ដូច្នេះហើយ ថ្ងៃនេះ​ខ្ញុំ​ត្រូវ​ទប់ទល់​នឹង​បញ្ហា​បែប​នេះ​»។

បន្ទាប់ពីការឆ្មក់ចូលឆែកឆេរផ្ទះ វីដេអូមួយបានលេចចេញតាមប្រព័ន្ធអ៊ីនធឺណែត ដែលបង្ហាញពីលោក Surachat និងមន្ត្រីក្រោមឱវាទរបស់លោក កំពុងជប់លៀងជាមួយស្ត្រីម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ជាជនសង្ស័យសំខាន់នៅក្នុងបណ្តាញល្បែងស៊ីសងខុសច្បាប់។

លោក Surachate បាននិយាយថា ព្រឹត្តិការណ៍នេះ គឺជាពិធីជប់លៀងដែលលោករៀបចំសម្រាប់ក្រុមរបស់លោក។ លោក​បាន​អះអាងថា លោក​មិន​បាន​ស្គាល់​ស្ត្រី​នោះ​ទេ ហើយ​បាន​និយាយ​ថា លោកមិន​អាច​ដឹង​ថា ​មនុស្ស​ទាំងអស់​ដែល​ចូលមកពិធីជប់លាង អាច​នាំ​នរណាមក​ក្នុង​ពិធី​ជប់លៀង​នោះ​ទេ។

សូមជម្រាបថា លោក Surachate Hakparn មានរហស្សនាមថា «Big Joke» ត្រូវបានគេឃើញបង្ហាញខ្លួនជាញឹកញាប់តាមប្រព័ន្ធផ្សព្វផ្សាយ លោក Surachate គឺជាតារាដែលកំពុងរះក្នុងការិយាល័យប៉ូលីសអន្តោប្រវេសន៍ កាលពីឆ្នាំ២០១៨។លោកត្រូវបានគេដកចេញពីមុខតំណែង ហើយបានបាត់ខ្លួនជាបណ្តោះអាសន្នពីទិដ្ឋភាពសាធារណៈនៅឆ្នាំ២០១៩។ ក្រោយមក បានត្រលប់ទៅស្នងការនគរបាលជាតិវិញនៅឆ្នាំ២០២១ បន្ទាប់ពីលោក Prayuth Chan-ocha ដែលជាមេបញ្ជាការកងទ័ព បានឡើងកាន់អំណាចបន្ទាប់ពីធ្វើរដ្ឋប្រហារឆ្នាំ២០១៤ ដោយបានតែងតាំងលោក ជាទីប្រឹក្សាអគ្គស្នងការនគរបាល។ ក្រោយៗទៀត លោក Surachate បន្ត​ឡើង​ឋានន្តរស័ក្តិជាបន្ដបន្ទាប់ ​រហូត​ក្លាយ​ជា​អគ្គស្នងការ​រង​នគរបាល ជាតិ និង​បាន​ដឹកនាំ ឬ បង្រ្កាប​សំណុំរឿង​ធំៗ​ជាច្រើន​ករណី៕

ប្រភព៖ AP News

Share.