យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍ នេះ បានឱ្យដឹងថា ប្រទេសចិនបានចាប់ផ្តើមដំណើរការខ្សែរថភ្លើងល្បឿនលឿន ឆ្លងកាត់មហាសមុទ្រដំបូងគេរបស់ខ្លួន ដែលនឹងធ្វើដំណើរតាមបណ្តោយឆ្នេរសមុទ្រនៃខេត្ត Fujian ភាគអាគ្នេយ៍ក្បែរច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

សារព័ត៌មានចិនស៊ីនហួរ បានរាយការណ៍ថា រថភ្លើងល្បឿនលឿននេះ បានចាកចេញពីទីក្រុង Fuzhou នៃខេត្ត Fujian ភាគខាងកើតប្រទេសចិន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយរៀបចំចេញដំណើរលើផ្លូវដែក Fuzhou-Xiamen-Zhangzhou ប្រវែង ២៧៧គីឡូម៉ែត្រ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីរបស់ China State Railway Group ដែលជាប្រតិបត្តិករផ្លូវដែករបស់ប្រទេសនេះថា រថភ្លើងនេះជាខ្សែឆ្លងកាត់សមុទ្រដំបូងគេបង្អស់របស់ប្រទេសចិន ដែលមានរថភ្លើងល្បឿនលឿនធ្វើដំណើរលើស្ពានឆ្លងកាត់ឈូងសមុទ្រចំនួន៣ និងមានល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួររំលឹកថា China Railway Siyuan Survey and Design Group បានរចនាគម្រោងផ្លូវដែក ដែលបន្ថែមលើបណ្តាញផ្លូវដែកល្បឿនលឿនដ៏ធំរបស់ប្រទេស។

កាលពីឆ្នាំ២០២២ ប្រទេសចិន មានផ្លូវរថភ្លើងល្បឿនលឿន ដែលដំណើរការបាន ៤២,០០០គីឡូម៉ែត្រ។ ដោយឡែកកាលពីដើមសប្តាហ៍នេះ ប្រទេសចិនបានបង្ហាញខ្សែរថភ្លើង monorail ពាណិជ្ជកម្មដំបូងរបស់ខ្លួនដែលបានផ្អាកនៅក្នុងទីក្រុង Wuhan រដ្ឋធានីនៃខេត្ត Hubei កាលពីជំងឺរាតត្បាតកូវីដ-១៩៕

ប្រភព៖ CNA

Share.