ព្យុះទីហ្វុង Koinu បានបោកបក់ឆ្ពោះទៅភាគខាងត្បូងកោះតៃវ៉ាន់ នាថ្ងៃពុធ សប្ដាហ៍នេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ហើយបណ្តាលឱ្យមានការលុបចោលជើងហោះហើរក្នុងស្រុកចំនួន៧០ និងការផ្អាកការងារនានា រួមទាំងបិទសាលារៀននៅក្នុងតំបន់ នៅទីក្រុងនៅភាគខាងត្បូងនៃកោះនេះ ចាប់ពីពេលល្ងាចនេះរហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

ព្យុះទីហ្វុង Koinu ត្រូវបានគេរំពឹងថា នឹងបោកបក់នៅឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះតៃវ៉ាន់ ក្បែរទីក្រុង Taitung នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ ជាព្យុះទីហ្វុងប្រភេទទី៣ បន្ទាប់មកបានចុះខ្សោយនៅពេលដែលវាឆ្លងកាត់ចុងភាគខាងត្បូងរបស់កោះ ហើយចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់ នេះបើយោងតាមហានិភ័យនៃព្យុះត្រូពិច។

ភ្លៀងធ្លាក់ខ្លាំងបំផុតនឹងធ្លាក់នៅតាមតំបន់ភ្នំ និងតំបន់ដែលមានប្រជាជនរស់នៅស្រុក Pingtung នៅភាគខាងត្បូង និងតំបន់ឆ្នេរភាគខាងកើតនៃស្រុក Taitung និងស្រុក Hualien ប៉ុន្តែព្យុះទីហ្វុងក៏នឹងប៉ះពាល់ដល់ទីក្រុងកំពង់ផែ Kaohsiung ភាគខាងត្បូងផងដែរ។

ទីក្រុងកំពង់ផែ Kaohsiung និងទីក្រុង Tainan បានប្រកាសថា ពួកគេនឹងផ្អាកការងារ និងបិទសាលារៀនចាប់ពីម៉ោង ៦ល្ងាច នៅថ្ងៃពុធ (ម៉ោងក្នុងស្រុក) ដោយសារអាកាសធាតុកាន់តែអាក្រក់។

បន្ទាប់ពីឆ្លងកាត់កោះតៃវ៉ាន់ ព្យុះទីហ្វុងនឹងឆ្ពោះទៅខេត្តក្វាងទុង និងខេត្តហ្វូជៀន របស់ប្រទេសចិន ហើយបន្ទាប់មកឆ្ពោះទៅកាន់ទីក្រុងហុងកុង ជាកន្លែងដែលវាទំនងជានឹងចុះខ្សោយជាងមុន ដើម្បីក្លាយជាព្យុះត្រូពិច។

ក្រុមសង្កេតការណ៍អាកាសធាតុរបស់ទីក្រុងហុងកុង បាននិយាយថា ព្យុះទីហ្វុង Koinu នឹងស្ថិតនៅចម្ងាយ ៨០០គីឡូម៉ែត្រពីមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅរសៀលថ្ងៃពុធ។ ក្រុម​សង្កេតការណ៍​ នឹង​ចេញ​សញ្ញាប្រកាសអាសន្នពី​ព្យុះ​ទីហ្វុង​ទាប​បំផុត​កម្រិតលេខ​១ ​នៅ​យប់​ថ្ងៃ​ពុធនេះ។

សូមជម្រាបថា ព្យុះទីហ្វុង Koinu ត្រូវបានព្យាករថា នឹងបក់បោកទៅដល់ដីគោកនៃភាគខាងត្បូងកោះតៃវ៉ាន់ មុនរសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្របពេល ជើងហោះហើរអន្តរជាតិច្រើនជាង ៥០ជើង និងជើងហោះហើរក្នុងស្រុកនៅទូទាំងតំបន់ឆ្នេរភាគខាងត្បូងត្រូវបានលុបចោល៕

ប្រភព៖ CNA

Share.