ព្យុះភ្លៀង និងខ្យល់បក់បោកដ៏ខ្លាំងក្លាមួយ នឹងវាយប្រហារភាគខាងត្បូងប្រទេសចិនក្នុងរយៈពេល៣ថ្ងៃខាងមុខ ខណៈដែលព្យុះទីហ្វុង Koinu ខិតមកជិតឆ្នេរសមុទ្រនៃខេត្ត Guangdong បន្ទាប់ពីបានសម្លាប់មនុស្សម្នាក់ និងរបួសរាប់រយនាក់នៅកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣។

មជ្ឈមណ្ឌលឧតុនិយមជាតិចិន (NMC) បាននិយាយថា ព្យុះទីហ្វុង Koinu ដែលមានន័យថា «Puppy» ជាភាសាជប៉ុន នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅតាមឆ្នេរសមុទ្រនៃខេត្ត Guangdong និងខេត្ត Fujian ក្នុងរយៈពេលបីថ្ងៃខាងមុខនេះ។

NMC បាននិយាយថា ទឹកភ្លៀងនៅខេត្តក្វាងទុង អាចហក់ឡើងដល់ជាង ៣០០មីលីម៉ែត្រ។ ទន្ទឹមនោះ ក៏បានចេញការជូនដំណឹងពណ៌លឿង សម្រាប់ខ្យល់បក់បោកខ្លាំង ដែលជាកម្រិតខ្ពស់បំផុតទី៣ នៅក្នុងប្រព័ន្ធព្រមានកម្រិត ៤ពណ៌។

ខេត្តក្វាងទុង បានផ្អាកដំណើរការសាឡាងរាប់សិបកន្លែង ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ខណៈ NMC បានព្រមានអ្នកទេសចរឱ្យនៅឆ្ងាយពីរមណីយដ្ឋានឆ្នេរសមុទ្រ នៅថ្ងៃចុងក្រោយនៃថ្ងៃឈប់សម្រាកជាតិរយៈពេល១សប្តាហ៍ នៅថ្ងៃសុក្រនេះផងដែរ។

NMC បាននិយាយថា ព្យុះទីហ្វុង Koinu កំពុងធ្វើដំណើរក្នុងល្បឿន ១៤៤គីឡូម៉ែត្រក្នុង១ម៉ោង ពីឆ្នេរសមុទ្រនៃទីក្រុង Guangdong ភាគខាងត្បូង នៃ Shanwei គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ដោយបានបន្ថយល្បឿនពី ២៥២គីឡូម៉ែត្រក្នុង១ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ នៅកោះតៃវ៉ាន់។

ព្យុះទីហ្វុងនេះ ត្រូវបានគេរំពឹងថា នឹងចុះខ្សោយទៅជាព្យុះត្រូពិចដ៏ខ្លាំងមួយចាប់ពីថ្ងៃសុក្រនេះ ហើយកាន់តែចុះខ្សោយនៅពេលវាធ្វើដំណើរឆ្ពោះទៅភាគខាងលិចតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន។

សូមជម្រាបថា ព្យុះទីហ្វុង Koinu បានសម្លាប់មនុស្សម្នាក់ និងរបួសមនុស្សជិត ៤០០នាក់នៅកោះតៃវ៉ាន់ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធំធេងបំផុតនៅលើកោះអ័រគីដ ដែលនៅដាច់ស្រយាលពីឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ និងជាកន្លែងដែលមានផ្ទះរបស់ប្រជាជនរស់នៅប្រហែល ៥,០០០នាក់។

ជាមួយគ្នានោះដែរ ទូកជាង៧០ បានក្រឡាប់ ឬលិច នៅក្នុងតំបន់កំពង់ផែ នៅលើកោះ សាលារៀនចំនួន២ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ និងដាច់ចរន្តអគ្គិសនីដោយសារតែព្យុះទីហ្វុង។ យ៉ាងណាម៉ិញ ឧទ្ធម្ភាគចក្រ​ទ័ពអាកាស​មួយ​គ្រឿង​កំពុង​ហោះហើរ​ក្នុង​ក្រុម​វិស្វករ​ដើម្បី​ស្ដារ​ចរន្ត​អគ្គិសនី​នា​ថ្ងៃ​សុក្រ នេះវិញ៕

ប្រភព៖ CNA

Share.