កំពត៖ កម្លាំងសមត្ថកិច្ចខេត្តកំពត បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យពីរនាក់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ប្រដាប់ដោយអាវុធខ្លី១ដើម មិនស្គាល់ម៉ាក បានធ្វើសកម្មភាពចូលក្នុងផ្ទះប្រជាពលរដ្ឋលក់ដូរ ភ្ជង់គំរាមយកគ្រឿងអលង្ការ លុយ និងទូរសព្ទ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង០០នាទីនៅស្រុកកំពង់ត្រាច ហើយនាំគ្នាគេចខ្លួនបាត់តែម្តង ។

ជនរគ្រោះមានឈ្មោះ សៅ ភាន់ ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត បានត្រូវបានក្រុមជនសង្ស័យភ្ជង់យកទ្រព្យសម្បត្តិរួមមាន៖ លុយខ្មែរចំនួន ៤លានរៀល
,កងដៃផ្លាទីន ទម្ងន់ ១តំឡឹង ១ជី (២ឈុត ១៤វង់), ខ្សែកផ្លាទីន ១ខ្សែ ទម្ងន់ ៥ជី (បន្តោងអក្សរC) ,ចិញ្ជៀនផ្លាទីន ១វង់ ទម្ងន់ ១ជី (មានដាំត្បូងពណ៌ស), ទូរស័ព្ទ ១គ្រឿងម៉ាក Vivo។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន ហើយបានទាក់ទងសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តស្វាយរៀង ដើម្បីធ្វើតាមចាប់ខ្លួនជនសង្ស័យបានម្នាក់ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៣៥នាទី ។ លុះថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៥០នាទី កម្លាំងជំនាញយើងបានបន្តសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពត និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្វែងរកចាប់ខ្លួនបានជនសង្ស័យម្នាក់ទៀត។

ជនសង្ស័យទាំងពីរនាក់ ៖ ទី១ ឈ្មោះ អេង កុសល ភេទប្រុស ជនជាតិខ្មែរ នៅចំណុចភូមិព្រៃតាព្រិត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ទី២ឈ្មោះ កៅ ផា ហៅ ណៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ដែលឃាត់ខ្លួនបានត្រង់ចំណុចភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។


ក្រោយឃាត់ខ្លួនបានជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ពួកខ្លួនពិតជាបានធ្វើសកម្មភាពចូលប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយកន្លែងនៅក្នុងភូមិសាស្ត្រខេត្តកំពត ពិតប្រាកដមែន ដោយេពួកខ្លួនបានយកអាវុធខ្លីភ្ជង់ និងវាយទៅលើជនរងគ្រោះប្លន់យកបានគ្រឿងអលង្ការ លុយ ទូរស័ព្ទ បន្ទាប់ពីធ្វើសកម្មភាពរួចក៏បែកផ្លូវគ្នាទៅ ចំណែកខ្លួនបានទៅលាក់ខ្លួននៅផ្ទះ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង ។

 បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.