រថយន្តបែនដឹកដីមួយគ្រឿង ក្រោយពីចាក់ទម្លាក់ដីរួចគាំងបូម តៃកុងចូលទៅគោះ បែរជា ធ្លាក់ទ្រុងបែន សង្កាត់លើ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលា ម៉ោង ១១និង ៣០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវលំ ក្រុមទី៥ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ប៊ុន កុល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ បើកបររថយន្តបែន មានប្រពន្ធឈ្មោះ ផាត់ ចន្ធី អាយុ៤១ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានស្រុក កំណើតភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើករថយន្តដឹកដី ម៉ាកនីសាន់ បែនកង់៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5035 ដឹកដី យកទៅចាក់ នៅចំណុចកើតហេតុ បានមួយជើងហើយ លុះដល់ជើងទី២ ជនរងគ្រោះបែនចាក់ ទម្លាក់ដីអស់ហើយ តែទ្រុងមិនធ្លាក់ មានបញ្ហាបច្ចេកទេសសារ៉ាងបូម ទើបជនរងគ្រោះចុះ ចូលទៅពីក្រោមគោះសារ៉ាងបែន បែរជាធ្លាក់ទ្រុង សង្កត់លើ បណ្តាលស្លាប់ភ្លាមៗនៅកន្លែង ផ្អើលប្រជាពលរដ្ឋជួយដូយលើកទ្រុងបង្ហើប យកជនរងគ្រោះចេញ ។

ក្រោយកើតហេតុ សពត្រូវបានពលរដ្ឋលើកដាក់លើគ្រែក្បែររថយន្ត រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យ និងរាយការណ៍ទៅក្រុមគ្រូពេទ្យជំនាញ ដើម្បីយកសំណាកតេស្ត ជាមុនសិន មុននឹងប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Share.